Man Utd ត្រៀមប្រកាសកីឡាករវ័យក្មេង ៣ នាក់
(BC-99)
យោងតាមរបាយការណ៍បានឱ្យដឹងថា Man Utd នឹងបញ្ជាក់ពីការចុះហត្ថលេខាព្រមព្រាងទិញកីឡាករវ័យក្មេងបីនាក់មកចូលរួមដែលមាន Marc Jurado, Alvaro Fernandez និង Isak Hansen-Aaroen ។
Jurado ខ្សែការពារស្តាំអាយុ ១៦ ឆ្នាំត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ដែលមានទេពកោសល្យល្អបំផុតនាពេលបច្ចុប្បន្ននៅក្នុងថ្នាលអភិវឌ្ឍន៍សមត្ថភាពកីឡាកររបស់ FC Barcelona ។
ដោយបានចំណាយពេលជិតមួយទសវត្សរ៍ជាមួយក្លឹបនេះគេរំពឹងថាអនាគតរបស់ខ្លួនអាចនឹងមានអនាគតល្អដូចជាមិត្តរួមជំនាន់ Ansu Fati, Ilaix Moriba, Gavi និង Ilias ដែលកំពុងតែបង្ហាញសមត្ថភាពដ៏ល្អនៅក្នុងប៉ុន្មានខែថ្មីៗនេះ។
ប៉ុន្តែ Jurado ចង់ធ្វើតេស្តិ៍ខ្លួនឯងនៅអង់គ្លេសហើយបានច្រានចោលការផ្តល់ហិរញ្ញប្បទានប្រសើរជាងមុនពី FC Barcelona និងយល់ព្រមផ្លាស់ទៅកាន់ Man Utd ។
យោងតាមសារព័ត៌មាន Manchester Evening News បានអះអាងថា Hansen-Aaroen ដែលជាកីឡាករក្មេងជាងគេបំផុតរបស់ Tromso ត្រូវបានចុះហត្ថលេខាដោយ Man Utd ដែរប៉ុន្តែកីឡាករដែលជាអនិតិជនម្នាក់នេះត្រូវរង់ចាំរហូតដល់រដូវក្តៅដើម្បីអោយគេមានវ័យគ្រប់១៦ឆ្នាំទើបអាចមកប្រកបអាជីពនៅ Old Trafford បាន។
ចំណែកឯខ្សែការពារឆ្វេងវ័យ ១៧ ឆ្នាំ Alvaro Fernandez ត្រូវបានបញ្ជាក់នៅលើបណ្តាញសង្គមកាលពីពេលកន្លងមកនេះថារូបគេនឹងចាកចេញពី Real បន្ទាប់ពីបានបដិសេធសំណើរកុងត្រាថ្មី។ យោងទៅតាមសារព័ត៌មាន AS បានអោយនដឹងថាFernandez បានយល់ព្រមផ្លាស់ទៅលេងនៅ United ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។
រូបគេរំពឹងថានឹងចាប់ផ្តើមលេងនៅក្នុងក្រុមយុវជនរបស់ Man United ប៉ុន្តែអាចឈានជើងចូលទៅកាន់ឈុតធំប្រសិនបើ លោក Solskjaer ខ្វះខាតផ្នែកការពារ។
កីឡាកររូបនេះបានសរសេរនៅលើទំព័រ Instagram របស់ខ្លួនថា “ខ្ញុំបានសំរេចចិត្តចាកចេញពីក្លឹបដ៏អស្ចារ្យនេះខ្ញុំចង់អរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំនិងបុគ្គលិកគ្រូបង្វឹកទាំងអស់នៅឯ Real Madrid ដែលធ្វើអោយខ្ញុំក្លាយជាមនុស្សល្អនិងជាកីឡាករបាល់ទាត់ម្នាក់”។