Samu Castillejo ត្រូវខ្មាន់កាំភ្លើងភ្ជង់ប្លន់នៅ អ៊ីតាលី
(BC-99)
ខ្សែបម្រើស្លាប Samu Castillejo របស់ក្រុម AC Milan បានប្រាប់ឱ្យដឹងថារូបគេត្រូវបានចោរប្រដាប់កាំភ្លើងភ្ជង់ប្លន់កាលពីថ្ងៃអង្គារ។
នៅក្បែរភ្លើងស្តុបមួយកន្លែងនាទីក្រុង មីឡាន Castillejo ត្រូវបានចោរប្រដាប់អាវុធកាំភ្លើងខ្លីធ្វើការភ្ជង់ប្លន់យកនាឡិការដៃរបស់គេបានសម្រេច ដែលនេះគឺការបញ្ជាក់ពីកីឡាករបាល់ទាត់ដែលជាជនរងគ្រោះតាមរយៈប្រព័ន្ធ Instagram ។
បុរសជនជាតិអេស្ប៉ាញវ័យ ២៥ ឆ្នាំរូបនេះបានសរសេរថា៖ “តើមានអ្វីល្អទេនៅទីក្រុង Milan? ចោរប្លន់ពីរនាក់បានយកកាំភ្លើងភ្ជង់មុខខ្ញុំ” ។ Castillejo បានបន្ថែមថា៖ «ទោះយ៉ាងណាក៏ដោយខ្ញុំមានតែនាឡិកាអោយចោរតែប៉ុណ្ណោះ។ ខ្ញុំសូមអរគុណ»។
Castillejo និង Milan កំពុងត្រៀមសំរាប់ការបន្តការប្រកួតបាល់ទាត់របស់ Serie A បន្ទាប់ពីជំងឺរាតត្បាតឆ្លង។ AC Milan នឹងធ្វើដំណើរទៅទីក្រុងទូរីនសម្រាប់ជើងទី ២ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ទល់នឹងក្រុម Juventus នៅថ្ងៃសុក្រនេះក្រោយពីពួកគេបានបន្សល់លទ្ធផលស្មើ ១-១ នៅទឹកដី San Siro កាលពីខែកុម្ភៈកន្លងមក។
សូមបញ្ជាក់ដែរថាក្រុម AC Milan របស់លោក Stefano Pioli នេះដែរក៏នឹងវិលត្រឡប់ទៅកាន់ការប្រជែង Serie A ប្រឆាំងនឹង Lecce នៅថ្ងៃទី ២២ ខែមិថុនានេះដែរខណៈដែលក្រុមរហស្សនាម Rossoneri មួយនេះកំពុងឈរនៅចំណាត់ថ្នាក់ទី ៧ តាមរយៈការប្រកួតចំនួន ២៦ សប្តាហ៍កន្លងមកហើយ។