
ជនជាតិចិនជិត ៤ពាន់នាក់ ត្រូវដេញចេញមិនឲ្យមើល World Cup ព្រោះសំបុត្រក្លែងក្លាយ
សារព័ត៌មានចិន បាននាំគ្នាចុះផ្សាយព្រោងព្រាតនៅក្នុងសប្តាហ៍នេះថា អ្នកគាំទ្របាល់ទាត់ចិនជាង ៣,៥០០នាក់ មិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនា ក្នុងកីឡដ្ឋាន ដែលមានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ក្នុងប្រទេសរុស្ស៊ីនោះទេ។ មូលហេតុនៃការបដិសេធនេះ គឺដោយសារតែសំបុត្រចូលទស្សនា របស់អ្នកគាំទ្រជនជាតិចិនទាំងនោះ ជាសំបុត្រក្លែងក្លាយ។ ដំណឹងនេះ បានបែកធ្លាយ បន្ទាប់ពីការប្រកួតរវាងអាស្សង់ទីន និងអ៊ីស្លង់ ក្នុងទីក្រុងម៉ូស្គូ កាលពីពេលកន្លងទៅ។
អ្នកគាំទ្របាល់ទាត់ជនជាតិចិនទាំងនោះ បានទិញសំបុត្រតាមអនឡាញ ពីភ្នាក់ងាររុស្ស៊ីប្រចាំប្រទេសចិន។ ទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិចិន មិនជាប់បានលេង World Cup ក្នុងឆ្នាំ ២០១៨នេះមែន តែអ្នកគាំទ្របាល់ទាត់ទាំងនោះ ចង់ទៅទស្សនាកីឡាករដែលពួកគេស្រលាញ់គាំទ្រ។ អ្នកគាំទ្រ ដែលបានចំណាយប្រាក់យ៉ាងតិចក៏ប្រមាណ ៥០០ដុល្លារ ដើម្បីទិញសំបុត្រចូលទស្សនា មានការសោកស្តាយស្ទើរយំបោកខ្លួន។ យ៉ាងណាក៏ដោយស្ថានទូតរុស្ស៊ី ប្រចាំប្រទេសចិន កំពុងតែបើកការស៊ើបអង្កេតជុំវិញករណីនេះ។
គួរជម្រាបជូនថា ទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិចិន មិនបានជាប់លេង World Cup នៅរុស្ស៊ីមែន តែមានអ្នកគាំទ្របាល់ទាត់ជនជាតិចិន ប្រមាណជាង ៤ម៉ឺននាក់ បានទិញសំបុត្រតាមអនឡាញ ដើម្បីទៅទស្សនាការប្រកួតនោះ (យោងតាមទិន្នន័យពី FIFA)។ តាម FIFA ជនជាតិចិន ជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោមជនជាតិផ្សេងទៀត ដែល ទិញសំបុត្រទៅទស្សនាការប្រកួត World Cup ខណៈដែលសហរដ្ឋអាមេរិក ដែលមិនបានជាប់លេងនៅ World Cup ដែរនោះ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយមានប្រជាជនអាមេរិកជិត ៩ម៉ឺននាក់ បានទិញសំបុត្រតាម FIFA.com៕