
លោក Arsene Wenger និយាយថា Liverpool គឺជាក្រុមជើងឯកលីគកំពូលអង់គ្លេសរដូវកាលនេះ
(BC-99)
លទ្ធផលក្របខណ្ឌ Premier League រដូវកាលនេះនៅមិនទាន់ត្រូវបានគេសម្រេចយ៉ាងណានៅឡើយទេប៉ុន្តែអតីតអ្នកចាត់ការទូទៅ Arsenal លោក Arsene Wenger បានបង្ហាញនូវការយល់ឃើញរបស់ខ្លួនថា Liverpool សាកសមក្លាយជាម្ចាស់ជើងឯក។
Coronavirus បានបញ្ឈប់សកម្មភាពកីឡាបាល់ទាត់និងកីឡាដទៃទៀតពាសពេញពិភពលោក ក្នុងនោះក៏មិនមានសកម្មភាពកីឡាណាមួយត្រូវបានធ្វើឡើងនាប្រទេស អង់គ្លេស ចាប់តាំងពីថ្ងៃទី ៩ ខែមីនាមកដល់ពេលនេះ។ ក៏ប៉ុន្តែទាំងសហព័ន្ធបាល់ទាត់អង់គ្លេស ទាំងក្របខណ្ឌ Premier League កំពុងតែសិក្សាពីលទ្ធភាពការនាំយកព្រឹត្តិការណ៍ប្រកួតត្រឡប់មកវិញដើម្បីអោយរដូវកាលនេះបានបញ្ចប់ទៅគ្រប់ចំនួន៣៨ប្រកួតសម្រាប់ក្រុមកំពូលទាំង ២០ ។
លោក Wenger បានស្នើអោយមានការអនុម័តអោយដូចគ្នាទៅនិង Ligue 1 ក្នុងប្រទេសកំណើតរបស់លោកក្នុងករណីចាំបាច់សំរាប់ Premier League ប្រសិនបើមិនអាចបន្តសកម្មភាពរបស់ខ្លួនទៀតបាន។ ដោយយោលទៅលើតារាងពិន្ទុនាពេលបច្ចុប្បន្នក្រុមហង្សក្រហម Liverpool លើសដាច់ ២៥ ពិន្ទុពីក្រុមលេខ ២ Manchester City និងមានឱកាស ៩០% ក្នុងការក្លាយជាម្ចាស់ជើងឯករដូវកាលនេះក្នុងករណីឈ្នះការប្រកួតតែ ២ លើកទៀតតែប៉ុណ្ណោះ។
បុរសវ័យ ៧០ ឆ្នាំដែលគេហៅថា តាបារាំង រូបនេះក៏បានសម្តែងការកោតសរសើរយ៉ាងពេញទំហឹងចំពោះលោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ហង្សក្រហមនិងកីឡាកររបស់ Liverpool សម្រាប់អ្វីដែលពួកគេសម្រេចបាននៅឆ្នាំ ២០១៩/២០ ។ លោកបានប្រាប់ talkSPORT ថា៖“ Jurgen ធ្វើបានល្អណាស់ពីព្រោះក្លឹបនោះបានរង់ចាំអស់រយៈពេល ៣០ ឆ្នាំសម្រាប់ពានរង្វាន់នេះ។គម្លាត ២៥ ពិន្ទុពី Manchester City វាពិតជាអស្ចារ្យណាស់។ ខ្ញុំគិតថាបើទោះជា Premier League សម្រេចចិត្តយ៉ាងណាក៏ដោយ ក៏ Liverpool គឺជាម្ចាស់ជើងឯកដែលឋិតក្នុងដួងចិត្តអ្នករាល់គ្នា” ។