អង្គរថាយហ្គឺរនឹងសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនភ្ជាប់គោលបំណងលើសពីកីឡា
នៅព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៣ ក្លិបបាល់ទាត់Angkor Tiger បានធ្វើពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Fuxin លើគម្រោងការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនដែលមានឈ្មោះថា Tiger Stadium។
ប្រធានក្លិបអង្គរថាយហ្គឺរ លោក Akihiro Kato បានលេីកឡេីងថា “៖ ដំណើរការសាងសង់គ្រោងធ្វើឡើងក្នុងខែតុលា ឆ្នាំនេះ ដោយជំហានដំបូងអាចផ្ទុកទស្សនិកជនបាន៥០០០នាក់ មានភ្លើងបំភ្លឺ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឬកក្កដា ឆ្នាំក្រោយ។ សម្រាប់ទីតាំងមានរយៈពេល២៥នាទីពីក្រុង។ ដំបូងៗ យើងមិនទាន់ធ្វើដល់កម្រិត AFC ទេ តែនឹងព្យាយាមធ្វើតាមជំហាន។ និយាយពីស្មៅវិញមិនទាន់សម្រេចថា ធម្មជាតិ ឬសិប្បិនិម្មិត ព្រោះអាចកម្មវិធីផ្សេងៗដើម្បីរកចំណូលបន្ថែម។ សម្រាប់ដីវិញ គឺទិញដាច់ មានទំហំ៥ហិចតា ហើយធ្វើកីឡដ្ឋាន៣ហិច និងដីនៅសល់អាចធ្វើកន្លែងកម្សាន្ដផ្សេងៗ។ ខេត្តសៀមរាបជាខេត្តល្បីល្បាញផ្នែកទេសចរណ៍ ដូច្នេះតាមរយៈអង្គរថាយហ្គឺរ យើងសង្ឃឹមថា នឹងអាចធ្វើឱ្យសេដ្ឋកិច្ចប្រសើរ។ យើងអាចធ្វើអ្វីឱ្យទាក់ទាញភ្ញៀវទេសចរណ៍ ដែលទៅមើលប្រាសាទហើយ ទៅបាល់ទាត់ទៀត។ សម្រាប់ថ្ងៃអនាគតយើងក៏ចង់បង្កើតជាក្រុមបាល់ទាត់នារីដែរ។”
ទន្ទឹមនឹងនេះដែរលោក កាំង សេន អគ្គនាយក Fuxin រំពឹងថាការសាងសង់កីឡដ្ឋាន Tiger Stadium នេះនឹងក្លាយជាកីឡដ្ឋានមួយដែលស្អាត និងប្រកបដោយគុណភាព អ ព្រោះភាគីខាងលោកធ្លាប់មានបទពិសោធច្រើនក្នុងការសាងសង់កីឡដ្ឋាន សំណង់ផ្សេងៗពីមុនដែរ។ នេះក៏ជាការរួមចំណែកលើកស្ទួយកីឡាពីភាគី Fuxin។
ចំណែកលោក Satoshi Saito បានសរសើរឆន្ទៈអង្គរថាយហ្គឺរ ដែលព្យាយាមសាងសង់កីឡដ្ឋានថ្មី ទោះបីដឹងថាបាល់ទាត់នៅកម្ពុជាមិនសូវមានចំណូលក៏ដោយ៕