តើក្រុមបាល់ទាត់ណាឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ច្រើនជាងគេ?
គិតចាប់តាំងពីការបង្កើតពានរង្វាន់សម្តេច ហ៊ុន សែន នៅឆ្នាំ ២០០៧ មក ក្លិបបាល់ទាត់ដែលឈ្នះពានរង្វាន់នេះបានច្រើនជាងគេគឺ ព្រះខ័នរាជស្វាយរៀង ពោលគឺចំនួន៤ដង ច្រើនជាងក្លិបផ្សេងៗ ។ ព្រះខ័នរាជស្វាយរៀង ជាក្លិបដែលបានឈ្នះពានសម្តេចច្រើនជាងក្លិបផ្សេងៗដោយចាប់តាំងពីបង្កើតពានរង្វាន់នេះមក ដោយឈ្នះចំនួន៤ ក្នុងឆ្នាំ ២០១១, ២០១២, ២០១៥ និង ២០១៧ ។
ឆ្នាំ ២០១១ ព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់សម្តេចលើកដំបូងដោយគ្រានោះប្រើឈ្មោះត្រឹម ព្រះខ័នរាជ ដោយយកឈ្នះ បៀលប្រាយ ២ ទល់ ០ រកគ្រាប់ដោយកីឡាករ សំអែល ណាសា និង ឃួន ឡាបូរ៉ាវី ។ ឆ្នាំ ២០១២ ព្រះខ័នរាជស្វាយរៀង បានការពារតំណែងជើងឯកបានដោយជោគជ័យ ដោយយកឈ្នះ ណាហ្គាខប ( ណាហ្គាវើល ) ២ ទល់ ១ ។ ខនខាន២ឆ្នាំ ក្រុមដែលមានមូលដ្ឋាននៅខេត្ត ស្វាយរៀង បានឈ្នះពានរង្វាន់នេះម្តងទៀត ពោលក្នុងឆ្នាំ ២០១៥ ដោយឈ្នះ ណាហ្គាវើល ម្តងទៀតក្នុងលទ្ធផល ២ ទល់ ១ កីឡាករ ប្រាក់ មុន្នីឧត្តម និង ណុប តុលា ជាអ្នកគ្រាប់បាល់ ។
ឆ្នាំចុងក្រោយដែល ព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកគឺឆ្នាំ ២០១៧ ដោយក្នុងនោះក្លិបបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជួប ណាហ្គាវើល ជាលើកទី៣ ហើយក៏បានយកឈ្នះ ៣ ទល់ ០ ក្នុងនោះកីឡាករដែលរកគ្រាប់បាល់បានរួមមាន សុខ សំណាង ២គ្រាប់ និង ហ៊ុយ ផល្លីន ១គ្រាប់ ។
សរុបមកក្រុមបាល់ទាត់ដែលឈ្នះពានរង្វាន់ សម្តេច ហ៊ុន សែន ច្រើនជាងគេគឺ ព្រះខ័នរាជស្វាយរៀង ដោយឈ្នះ៤ដង ខណៈក្រុមដែលស្ថិតនៅលំដាប់ទី២ គឺ ក្រសួងការពារជាតិ ( Tiffy Army ) ឈ្នះចំនួន ៣ដង និង ភ្នំពេញក្រោនចំនួន ២ដង ។ ក្រុមដែលឈ្នះដំបូងគេកាលពីឆ្នាំ ២០០៧ គឺ ខេមរាកីឡា ហើយក្រុមឈ្នះចុងក្រោយគេគឺ វិសាខា ក្នុងឆ្នាំ ២០២០ ។ សម្រាប់ឆ្នាំ ២០២១ នេះមិនទាន់ដឹងក្រុមណាឈ្នះជើងឯកនៅឡើយទេ ខណៈការប្រកួតជម្រុះតាមពូលនីមួយៗថ្នាក់ខេត្តត្រូវពន្យាពេលដោយសារបញ្ហាកូវីដ១៩ ៕