Jack Grealish ជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើអោយខូចខាតរថយន្ត Range Rover ដែលមានតម្លៃក្បែរមួយសែនផោន
(BC-99)
កីឡាករឆ្នើមរបស់ក្របខណ្ឌបាល់ទាត់ Premier League Jack Grealish បានបង្ករហេតុដោយការបើករយន្តទៅបុករថយន្តផ្សេងទៀតអោយមានការខូចខាតយ៉ាងដំណំ។
បន្ទាប់ពីបានសរសេរសារដាស់តឿនអោយប្រិយ៍មិត្តស្នាក់នៅក្នុងផ្ទះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគឆ្លងនៅលើគណនីសង្គម Twitter របស់ខ្លួនស្រាប់តែកីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្រុម Aston Villa រូបនេះបែជាទៅចូលរួមពិធីជប់លៀងរយៈពេល ៤ ម៉ោងនិងបានបង្ករជាគ្រោះថ្នាក់ចរាចារណ៍នេះតែម្តង។
កីឡាករមាត់ផ្សេងចិត្តផ្សេងដែលមានអាយុ ២៤ ឆ្នាំរូបនេះត្រូវបានរាយការណ៍ថាបានបើករថយន្ត Range Rover ដែលមានតំលៃ ៨០,០០០ ផោនទៅបុករថយន្តចំនួន ៣ គ្រឿងនៅកន្លែងចតឡានជិត Solihull, West Midlands ។ សាក្សីបានបង្ហាញរូបថតដែលខ្លួនថតបាន Grealish កំពុងតែឈរនៅក្បែររថយន្តដែលខូចខាតឋិតក្នុងសម្លៀកបំពាក់អាវយឺតខោខ្លីនិងពាក់ស្បែកជើងម្ខាងខ្មៅម្ខាងសដែលមើលទៅដូចជាកំពុងតែមានអារម្មណ៍មិននឹងនរនិងច្របូកច្របល់។
បើតាមអ្នកដែលរស់នៅជិតកន្លែងដែល Grealish ចូលរួមផឹកស៊ីបាននិយាយថា “ ពួកគេបានធ្វើពិធីជប់លៀងពេញមួយយប់។ វាមិនអាចទ្រាំបានទេ។ ពួកគេបានបង្ករសំលេងរំខានដែលវាធ្វើអោយមានការប៉ះទង្គិចអារម្មណ៍ជាខ្លាំង”។
គួរបញ្ជាក់ដែរថានៅពេលដែលមានហេតុការណ៍នេះកើតឡើងគេឃើញមានតែកីឡាករ Aston Villa រូបនេះនៅឈរចាំដោះស្រាយបញ្ចប់វិវាទជាមួយម្ចាស់រថយន្តខូចខាតឯទៀតតែប៉ុណ្ណោះ។ រីឯមិត្តភក្តិក្នុងវង់ផឹកស៊ីរបស់ Grealish បានគេចខ្លួនរៀងខ្លួនដោយពុំមានអ្នកណាម្នាក់ចូលមកសាកសួរអ្វីឡើយ។ មានការបញ្ចេញមតិពីប្រិយ៍មិត្តបាល់ទាត់ជាច្រើនផងដែរថា Jack Grealish បានធ្វើបអោយខុសពីច្បាប់ហាមឃាត់ការដើរចេញទៅក្រៅផ្ទះក្នុងអំឡុងពេលដែលគេរាល់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនិងមេរោគ Covid-19។