ឡុង សុវណ្ណឌឿន ចង់សាកក្បាច់គុនខ្មែរជាមួយ រឿង សោភ័ណ្ឌ មុនចូលឆ្នាំខ្មែរ
អ្នកប្រដាល់គុនខ្មែរមុខរបរច្រើន ឡុង សុវណ្ណឌឿន បានបង្ហើបពីចិត្តរបស់ខ្លួនថាចង់សាកល្បងក្បាច់គុនខ្មែរជាមួយអ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ ជាថ្មីម្តងទៀត បន្ទាប់ពីធ្លាប់ចាញ់សន្លប់ម្តងក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុនវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៨ កន្លងទៅនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។
ម្ចាស់ហេងយីហោ ផ្ទះគុនខ្មែរ បានប្រាប់ MSR SPORT ថារូបគេពិតជាចង់សាកជាមួយ រឿង សោភ័ណ្ឌ ម្តងទៀតពិតមែន ហើយបើអាចចង់ប៉ះមុនចូលឆ្នាំខ្មែរតែម្តង ព្រោះមិនចង់រង់ចាំយូរនោះទេ ពីព្រោះកំពុងហ្វឹកហាត់ត្រៀមបានល្អ ហើយសុខភាពក៏កំពុងអំណោយផលទៀតផង ។ យ៉ាងណាក៏ដោយម្ចាស់ខ្សែក្រវាត់គោជល់នៅសង្វៀន PNN បន្ថែមថា ការចង់ជួបជាមួយមិត្តរួមជាតិនេះមិនមែនចង់សងសឹកអ្វីនោះទេ គ្រាន់តែចង់សាកក្បាច់គុនខ្មែរជាថ្មីស្របពេល ការនំាកីឡាករបរទេសចូលមកប្រកួតក្នុងស្រុកខ្មែរកំពុងតែផ្អាក ដូចនេះចង់ប៉ះដៃគូចាស់ដែលធ្លាប់វាយអោយខ្លួនសន្លប់ដើម្បីដឹងពីសមត្ថភាពរបស់ខ្លួននាពេលនេះ ។
សូមបញ្ជក់ថា រឿង សោភ័ណ្ឌ ធ្លាប់វាយអោយ ឡុង សុវណ្ណឌឿន សន្លប់ក្នុងទឹកទី៣ ក្នុងការប្រកួតម៉ារ៉ាតុនគោជល់កាលពីខែ មិនា ឆ្នាំ ២០១៨ បន្ទាប់ពីពួកគេឈ្នះកីឡាករថៃដូចគ្នាឡើងប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់រង្វាន់ ក្នុងឱកាសនោះ ៕