រឿង សោភ័ណ្ឌ ស្វាគមន៍ ឡុង សុវណ្ណឌឿន គ្រប់ពេល ហើយបើអាចប្រកួតដាក់ក្រូចបន្ថែមម្នាក់១០គីឡូ
កីឡាមានឈ្នះមានចាញ់ គេក៏ហាត់យើងក៏ហាត់ កីឡាគឺជាមិត្តភាព បើ ឡុង សុវណ្ណឌឿន ចង់ជួបខ្ញុំ ខ្ញុំស្វាគមន៍គ្រប់ពេលវេលា, នេះគឺជាការលើកឡើងរបស់គុនខ្មែរ រឿង សោភ័ណ្ឌ ដើម្បីឆ្លើយតបភ្លាមៗទៅកាន់ ឡុង សុវណ្ណឌឿន ដែលមានបំណងចង់ប្រកួតជាមួយគ្នាមុនថ្ងៃចូលឆ្នាំខ្មែរ។ កណ្តាប់ដៃភ្លើង ជើងរន្ទះ ក៏បាននិយាយតាមការឡាយរបស់ខ្លួនបន្ថែមទៀតថា ស្វាគមន៍គ្រប់ពេលវេលា ហើយបើអាចចង់បបួល ឡុង សុវណ្ណឌឿន ប្រកួតដាក់ក្រូច១០គីឡូ មានន័យថា អ្នកចាញ់គឺត្រូវបន្ថែមក្រូច១០គីឡូពីលើ តែបើប្រកួតដាក់ដើមផាន់គឺអត់ទេ ដោយ សោភ័ណ្ឌ បន្ថែមថា អត់លុយដូចគ្នា ចឹងត្រឹមដាក់ក្រូចបានហើយ ចំណែកតម្លៃខ្ឡួនបើករៀងខ្លួនៗទៅចោះ។
គួររំលឹកថា កាលពីថ្ងៃម្សិលមិញអ្នកប្រដាល់គុនខ្មែរមុខរបរច្រើន ឡុង សុវណ្ណឌឿន បានបង្ហើបពីចិត្តរបស់ខ្លួនថាចង់សាកល្បងក្បាច់គុនខ្មែរជាមួយអ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ ជាថ្មីម្តងទៀត បន្ទាប់ពីធ្លាប់ចាញ់សន្លប់ម្តងក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុនវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៨ កន្លងទៅនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។
ម្ចាស់ហេងយីហោ ផ្ទះគុនខ្មែរ បានប្រាប់ MSR SPORT ថារូបគេពិតជាចង់សាកជាមួយ រឿង សោភ័ណ្ឌ ម្តងទៀតពិតមែន ហើយបើអាចចង់ប៉ះមុនចូលឆ្នាំខ្មែរតែម្តង ព្រោះមិនចង់រង់ចាំយូរនោះទេ ពីព្រោះកំពុងហ្វឹកហាត់ត្រៀមបានល្អ ហើយសុខភាពក៏កំពុងអំណោយផលទៀតផង ។ យ៉ាងណាក៏ដោយម្ចាស់ខ្សែក្រវាត់គោជល់នៅសង្វៀន PNN បន្ថែមថា ការចង់ជួបជាមួយមិត្តរួមជាតិនេះមិនមែនចង់សងសឹកអ្វីនោះទេ គ្រាន់តែចង់សាកក្បាច់គុនខ្មែរជាថ្មីស្របពេល ការនំាកីឡាករបរទេសចូលមកប្រកួតក្នុងស្រុកខ្មែរកំពុងតែផ្អាក ដូចនេះចង់ប៉ះដៃគូចាស់ដែលធ្លាប់វាយអោយខ្លួនសន្លប់ដើម្បីដឹងពីសមត្ថភាពរបស់ខ្លួននាពេលនេះ ។
សូមបញ្ជក់ថា រឿង សោភ័ណ្ឌ ធ្លាប់វាយអោយ ឡុង សុវណ្ណឌឿន សន្លប់ក្នុងទឹកទី៣ ក្នុងការប្រកួតម៉ារ៉ាតុនគោជល់កាលពីខែ មិនា ឆ្នាំ ២០១៨ បន្ទាប់ពីពួកគេឈ្នះកីឡាករថៃដូចគ្នាឡើងប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់រង្វាន់ ក្នុងឱកាសនោះ ៕