គុនខ្មែរ៣គូដែលអ្នកចាញ់មិនអស់ចិត្តបានជួបគ្នាជាថ្មី
ការប្រកួតរបស់គុនខ្មែរចំនួន៣គូដែលអ្នកប្រកួតចាញ់ដៃគូធ្លាប់មិនអស់ចិត្តនឹងប៉ងចង់ប៉ះគ្នាម្តងទៀតក្នុងថ្ងៃណាមួយនោះ ពេលនេះពួកគេបានសម្រេចជួបគ្នាជាថ្មីហើយក្នុងសប្តាហ៍នេះនាសង្វៀន CBS ដែលមាន នី សុភី ប៉ះ វង្ស វិឆ័យ , តាញ់ មករា ជួប ឈុត សេរីវាន់ថង និង ឡៅ ចន្ទ្រា ប្រកួតជាមួយ ពុទ្ធ ឆាយរិទ្ធី ដោយពួកគេសុទ្ធតែធ្លាប់ប៉ះគ្នាក្នុងវគ្គសំខាន់ដូចជាវគ្គផ្តាច់ព្រ័ត្រ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីខ្សែក្រវាត់ ។
នី សុភី ដែលប្រកួតចាញ់ពិន្ទុដោយមិនឯកច្ឆ័ន ៣ ទល់ ២ ជាមួយអ្នកប្រដាល់នៃក្លិបឆ័ត្រយោង៩១១ វង្ស វិឆ័យ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់លើប្រភេទទម្ងន់ ៦៧គីឡូក្រាម កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៩ នាសង្វៀន អាស៊ីអាគ្នេយ៍ នោះពួកគេនឹងត្រូវជួបគ្នាម្តងទៀត នាថ្ងៃ សៅរ៍ ទី ០៤ មេសា វេលាម៉ោង ៨ ព្រឹកនាសង្វៀន CBS ក្នុងកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ ក្នុងថ្ងៃនោះដែរ តាញ់ មករា ដែលធ្លាប់បាត់បង់ពានរង្វាន់ ISI PALM ក្រោយថ្វីដៃមិត្តរួមជាតិ ឈុត សេរីវាន់ថង ហើយមានបំណងចង់ប៉ះអ្នកប្រដាល់ខេត្តបាត់ដំបងម្តងទៀតក៏បានសម្រេចបំណងដែរពោលពួកគេប្រកួតក្នុងថ្ងៃជាមួយ នី សុភី និង វង្ស វិឆ័យ តែម្តង ។
ចំណែក ពុទ្ធ ឆាយរិទ្ធី ដែលចាញ់ពិន្ទុ ឡៅ ចន្ទ្រា ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI PALM កាលពីរដូវកាលទី១ ហើយចង់ជួបនាយសង្ហាម្តងទៀតនោះក៏បានសម្រេចបំណងរបស់ខ្លួនផងដែរដោយត្រូវប្រកួតនាថ្ងៃទី ០៤ ខែ មេសា ២០២០ នេះវេលាម៉ោង ២ រសៀលនាសង្វៀន CBS ។សូមបញ្ជាក់ថា ក្រោយសម្រាកមួយសប្តាហ៍ដោយសារបញ្ហារីករាលដាលជំងឺកូវីដ១៩ កម្មវិធីប្រដាល់គុនខ្មែរនឹងវិលមកវិញក្នុងសប្តាហ៍នេះដោយប្រកួតមិនអនុញ្ញាតអោយអ្នកគាំទ្រចូលរួមទស្សនាដោយផ្ទាល់នោះទេ ដោយបងប្អូនអាចទស្សនាតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម ៕