សឿត បារាំង ជម្នះគ្រួសារព្រោះតែចិត្តស្រលាញ់ពេលខ្លះកំពុងលេងបាល់ “ម៉ែមកតាម”
ខ្សែការពារស្លាបស្តាំ សឿត បារាំង ដែលបច្ចុប្បន្នកំពុងប្រកបអាជីពបាល់ទាត់នាក្លិប ភ្នំពេញក្រោន បាននិយាយពីប្រវិត្តរបស់ខ្លួនមុនពេលក្លាយជាកីឡាករល្បីល្បាញថា បានជម្នះក្រុមគ្រួសារព្រោះតែចិត្តស្រលាញ់វិស័យមួយនេះខ្លាំង ហើយមានពេលខ្លះកំពុងលេងបាល់បានប្រហែលជា ២០ នាទី ម៉ែមកតាមក៏មានដែរ ខណៈដែលកីឡាករនិមិត្តរូបគឺ Marcelo របស់ក្រុមស្តេចសរ Real Madrid ដែលលេងក្នុងដំណែងដូចគ្នា។
កីឡាករវ័យ ២០ ឆ្នាំរូបនេះបានរៀបរាប់ថា៖ ” ចំពោះអ្នកដែលជំរុញទឹកចិត្តគឺខ្លួនឯង ដោយសារតែការស្រលាញ់ ការចូលចិត្ត ហើយគ្រួសារពួកគាត់មិនពេញចិត្តឱ្យលេងឡើយ ប៉ុន្តែខ្ញុំនៅតែជម្នះ។ កាលពីនៅតូច ពេលដែលមកលេងបាល់គាត់មកហៅៗ ព្រោះតែខ្លាចមិនបានសិក្សា ហើយពួកគាត់មិនចង់ឱ្យលេងឡើយ ខ្ញុំនៅតែលួចទៅលេង ពេលខ្លះលេងបាន ១០ នាទី ទៅ ២០ នាទី គាត់មកពីក្រោយហៅទៅផ្ទះវិញ សូម្បីតែលេងបាល់ពានសាលាក៏មិនបានប្រាប់គាត់ដែរ ព្រោះបើប្រាប់គាត់មិនឱ្យទៅនោះទេ។ ថ្ងៃមួយក្លិប ភ្នំពេញក្រោន ជ្រើសរើសកីឡាករក៏បានដាក់ពាក្យធ្វើតេស្តនាខេត្តសៀមរាប ជាប់ដំណាក់កាលទី១ និងមកភ្នំពេញជាប់បន្តទៀត ចាប់ផ្តើមលេងពីពេលនោះមក នាឆ្នាំ២០១១(យុវជន) “។
គួរបញ្ជាក់ផងដែរថា កីឡាករដែលមានដើមកំណើតនាខេត្តសៀមរាប បានចូលលេងឈុតធំ ភ្នំពេញក្រោន នាឆ្នាំ២០១៦ បង្ហាញខ្លួនបាន ៤៣ លើកមកដល់បច្ចុប្បន្ន នឹងបានជាប់ជម្រើសជាតិ U-19 នាពេលនោះ ខណៈដែលឆ្នាំ២០១៧ ជាប់ក្នុងឈុតធំកម្ពុជា ដោយមានវ័យត្រឹម ១៧ឆ្នាំ ហើយក៏ជាកីឡាករវ័យក្មេងជាងគេនាពេលនោះ៕