កីឡាករធ្លាប់លើកពាននៅ ទ័ព និង បឹងកេត ចូលរួមជាមួយក្លិប ISI DSC
ខ្សែបម្រើ អ៊ុំ កុម្ភៈ ដែលធ្លាប់លើកពានជាមួយក្លិប ក្រសួងការពារជាតិ និង បឹងកេត បានចូលរួមជាមួយក្លិបបាល់ទាត់ អាយ.អេស.អាយ ដង្កោសែនជ័យ ដែលលេងក្នុងលីគលំដាប់ទី២ ក្នុងការប្រកាស កាលពីម្សិលមិញ ។
អ៊ុំ កុម្ភ: ធ្លាប់ជាសមាជិកក្លិបបាល់ទាត់ក្រសួងការពារជាតិ ដែលហៅកាត់ថា ទ័ព ដោយធ្លាប់ជួយក្លិបនេះឈ្នះពានរង្វាន់សម្តេច ហ៊ុនសែន កាលពីឆ្នាំ ២០១០ ។
ឆ្នាំ ២០១២ រូបគេបានផ្លាស់ទៅក្លិប ចម្ការកៅស៊ូបឹងកេត ( បឹងកេត ) ដែលជាក្លិបទើបឡើងពីលីគទី២ ហើយបានលើកពានលីគកំពូល ក្នុងឆ្នាំនោះតែម្តង ។
ឆ្នាំ២០១៦ ត្រូវបានផ្ទេរទៅចូលរួមក្រុមអង្គរថាយហ្គឺរ រហូតដល់ចុងឆ្នាំ២០១៩ ក៏បានបញ្ចប់កុងត្រា ។
ដើមរដូវ ២០២១ នេះកីឡាករវ័យ ៣០ រូបនេះក៏បានតេស្តសាកល្បងសមត្ថភាពជាមួយក្លិបចាស់របស់គេទ័ព ដែរ ដែលបច្ចុប្បន្នឈ្មោះថា Tiffy Army ប៉ុន្តែមិនបានជាប់ឈ្មោះនោះទេ ទើបទៅចូលរួមជាមួយ ISI DSC FC ។
ISI DSC FC ជាក្លិបមួយដែលបានចូលរួមលេងនៅលីគលំដាប់ទី២ កាលពីរដូវកាលមុន ដោយបានធ្លាក់ក្នុងវគ្គ Play off ក្រោមថ្វីជើង U-21 Phnom Penh Crown ៕