Man City នឹងសាងរូបសំណាក Aguero នៅកីឡដ្ឋាន Eitihad
Manchester City ប្រកាសថា Sergio Aguero នឹងចាកចេញពីក្លិបនាដំណាច់រដូវកាល២០២០/២០២១នេះហើយពេលកិច្ចសន្យារបស់គេអស់សុពលភាព។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំនឹងមានរូបសំណាកផ្ទាល់ខ្លួនជាមួយអតីតកីឡាករផ្សេង២រូបផ្សេងទៀត គឺ Vincent Kompany និង David Silva នាកីឡដ្ឋាន Eitihad។
អ្នកទាំង៣ដើរតួយ៉ាងសំខាន់សម្រាប់ក្លិប។ កាលឆ្នាំ២០១២ Aguero បានទាត់ចូល Queen Park Rangers ចុងម៉ោង ក្រសោបយកតំណែងជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំដល់ Man City។ ចាប់តាំងពីពេលនោះមក ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបន្តជួយក្រុមមេឃខៀវលើកពាន Premier League ៣ដងថែមទៀត រួមទាំង FA Cup មួយលើក និង League Cup ៥ដង។
ប្រធានក្លិប លោក Khaldoon Al Mubarak និយាយថា ការរួមចំណែកពី Aguero មិនអាចត្រូវបានមើលរំលងឡើយ។ គេគឺជាវីរបុរសរបស់ក្លិប ស្ថិតក្នុងចិត្តរបស់អ្នករាល់គ្នាដែលស្រលាញ់ក្លិប និងអ្នកដែលស្រលាញ់បាល់ទាត់។
Sergio Aguero ចូលរួមជាមួយ Manchester City ពី Atletico Madrid កាលឆ្នាំ២០១១ និងបានក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត ដោយមាន២៥៧គ្រាប់ពីការចូលលេង៣៨៤លើក៕