Roy Keane និយាយថា Harry Kane ត្រូវតែចាកចេញពី Tottenham នៅរដូវក្តៅនេះដើម្បីឈ្នះពាន
(BC-99)
អតីតប្រធានក្រុមបិសាចក្រហម Roy Keane បាននិយាយថា Harry Kane ត្រូវតែចាកចេញពី Tottenham នៅរដូវក្តៅនេះប្រសិនបើគាត់ចង់ “ឈ្នះពានរង្វាន់” ស្របពេលដែលរូបគេកំពុងតែត្រូវបានចាប់អារម្មណ៍ដោយ Manchester United និង Real Madrid ។
Kane អាចនឹងបន្តនៅជាមួយ Tottenham ជាបន្តប្រសិនបើក្រុមរបស់លោក Jose Mourinho អាចផ្តួលក្រុមលោក Pep Guardiola ដណ្តើមយកពាន Carabao Cup នៅវគ្គផ្តាច់ព្រ័ត្រនៅខែក្រោយនេះបាន។
ប៉ុន្តែឱកាសដែល Tottenham ឈ្នះពានរង្វាន់នេះនិងរង្វាន់ធំផ្សេងទៀតនាពេលអនាគតមើលទៅដូចជាអាចកើតឡើងក្នុងកម្រិតតិចតួចប៉ុណ្ណោះ នេះបើតាមការលើកឡើងរបស់អតីតកីឡាករចិត្តឆៅនៃក្រុម Manchester United Roy Keane បានលើកឡើង។
Keane បាននិយាយថា “Kane នឹងមិនឈ្នះអ្វីទាំងអស់បើមិនព្រមចាកចេញទៅក្លិបធំៗណាមួយដែលមានមហិច្ឆតាធំជាងនេះ។ ខ្ញុំមិនបាច់ចង្អុលថាទីកន្លែងណាដែលគេត្រូវទៅនោះទេ ព្រោះវាមានទីកន្លែងច្រើនជាង Spurs!”
គួរបញ្ជាក់ថា Kane ដែលមានកិច្ចសន្យាជាមួយក្រុមមាន់ខ្នាយមាសហូតដល់ឆ្នាំ ២០២៤ ត្រូវបានរាយការណ៍ថាក្លិបរបស់ខ្លួនបានកំនត់ថ្លៃប្រហែលជា ១៥០ លានផោនប្រសិនបើក្លិបមហាសេដ្ឋីណាមួយចង់បានរូបគេ។