CR7 រកបាន៨០១គ្រាប់ហើយក្នុងអាជីព ក្រោយស៊ុត២គ្រាប់ឲ្យ Man UTD ឈ្នះ Arsenal
Cristiano Ronaldo រកបាន២គ្រាប់ក្នុងជ័យជម្នះ៣ទល់នឹង២របស់ Manchester United លើ Arsenal នៃការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ។
Emile Smith Rowe បានទាត់បញ្ចូលទីឲ្យក្រុមកាំភ្លើងធំនាំមុខមួយគ្រាប់មុនក្នុងនាទី១៣ ដែលពេលនោះ David de Gea បានរងរបួសដួលទៅហើយ។ ប៉ុន្តែបន្ទាប់ពីពិនិត្យ V.A.R លោកអាជ្ញាកណ្ដាលបានអនុញ្ញាតឲ្យបាល់នោះចូលធម្មតា។
ដល់នាទី៤៤ Fred បាន assist ឲ្យ Bruno Fernandes ទាត់តាមស្មើ។ ចូលដល់វគ្គទី២នាទី៥២ Marcus Rashford បានបញ្ជូនឲ្យ Cristiano Ronaldo ទាត់នាំមុខវិញម្ដង។ នេះជាគ្រាប់ទី៨០០របស់គេ។ បានតែ២នាទី Martin Odegaard បានទាត់តាមស្មើ។
គ្រាប់ជ័យជម្នះរបស់បិសាចក្រហមកើតឡើងក្នុងនាទី៧០ ពេល Ronaldo ទាត់បាល់ពិន័យ១១ម៉ែត្រ បន្ទាប់ Odegaard ធ្វើឲ្យ Fred ដួលក្នុងប្រអប់អ្នកចាំទី ហើយអាជ្ញាកណ្ដាលពិនិត្យឃើញតាម V.A.R។ សរុបមក Ronaldo រកបាន៨០១គ្រាប់ក្នុងអាជីព។
Man UTD មាន២១ពិន្ទុពីការប្រកួត១៤លើក ស្ថិតនៅលេខ៧ និងក្រោម Arsenal ដែលនៅលេខ៥ ចំនួន២ពិន្ទុ៕