ទើបអស់តំណែងគ្រូវេសល៍ ឥឡូវ Giggs របូតទាំងឈ្មោះក្នុងបញ្ជីវីរបុរស Man UTD ទៀត
រឿងអាស្រូវជីវិតឯកជនធ្វើឲ្យ Ryan Giggs ពិតជាខាតបង់ច្រើន។ ជាក់ស្ដែង Manchester United បានដកឈ្មោះអតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះពីបញ្ជីវីរបុរសដែលបញ្ជូនទៅ Premier League ដើម្បីចម្រាញ់ចូល Hall of Fame នៅ Premier League។
ក្នុងបញ្ជីកីឡាករជាប្រវត្តិសាស្ត្រនៅ Premier League ក្រុមបិសាចក្រហមបានបញ្ជូនឈ្មោះអតីតកូនក្រុមដល់ទៅ៩នាក់ តែគេមិនឃើញ Giggs ឡើយ។
អតីតកីឡាករ Man UTD ជំនាន់ Class of 92 នឹងលេចមុខក្នុងតុលាការសប្ដាហ៍នេះដើម្បីជំនុំជម្រះរឿងហិង្សា និងរំលោភស្ត្រី។ ដូចបានផ្សាយលើកមុនដែរ គឺលោកត្រូវបានគេសង្ស័យជុំវិញការប្រើអំពើហិង្សាលើមិត្តស្រី កាលខែវិច្ឆិកា ឆ្នាំ២០២០ ដែលអាចឲ្យលោកប្រឈមការជាប់ពន្ធនាគារ៥ឆ្នាំ។
គួរដឹងដែរថា Premier League Hall of Fame គឺជាបញ្ជីឈ្មោះកីឡាករឆ្នើមក្នុងប្រវត្តិសាស្ត្រក្របខណ្ឌកំពូលអង់គ្លេស។ Man UTD មានបេក្ខជន៩នាក់ គឺ Eric Cantona, David Beckham, Andy Cole, Rio Ferdinand, Roy Keane, Peter Schmeichel, Paul Scholes, Robin van Persie និង Nemanja Vidic។
មានអតីតកីឡាករ២រូបហើយ គឺលោក Alan Shearer និង Thierry Henry ត្រូវបានជ្រើសរើសរួចរាល់ចូលបញ្ជី Premier League Hall of Fame៕