Man City ផ្ដួល Wolves យកជ័យជម្នះ២១លើកជាប់គ្នា
ក្រុមកំពូលតារាង Manchester City រកបាន៣គ្រាប់ក្នុងរយៈពេល១០នាទីចុងក្រោយដើម្បីឈ្នះ Wolverhampton ៤ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃពុធ ទី០២ ខែមីនា និងជាជ័យជម្នះ២១លើកជាប់គ្នាពីគ្រប់កម្មវិធីរដូវកាលនេះ។
ខ្សែការពារ Leander Dendoncker ភ្លាត់ស្នៀតបាល់ចូលទីខ្លួនឯងឲ្យម្ចាស់ផ្ទះមេឃខៀវនាំមុខមុននាទី១៥។ ដល់នាទី៦១ Conor Coady តាមស្មើបានវិញដោយការតែតបញ្ចូលទី។
យ៉ាងណាដល់នាទី៨០នាទី Gabriel Jesus ទាត់បញ្ចូលទីឲ្យ Man City នាំមុខសាជាថ្មី មុន Riyad Mahrez បន្ថែមគ្រាប់ទី៣នាទី៩០។ ដល់នាទី៩០+៣ទៅហើយ Gabriel Jesus ដដែលទាត់បន្ថែមពីការទះចេញរបស់អ្នកចាំទី Rui Patricio។
ដូច្នេះ Manchester City បានបង្កើនការនាំមុខលើកំពូលតារាងដល់ទៅ១៥ពិន្ទុពីក្រុមលេខ២ Manchester United តែបិសាចក្រហមតិចជាងមួយប្រកួត។ ក្រុមទាំង២នឹងប៉ះគ្នានៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ខាងមុខ៕