
កីឡដ្ឋានកំពង់ស្ពឺត្រូវបានដាក់សម្ពោធជាផ្លូវការក្រោយដំណើរការសាងសង់ជាង១ឆ្នាំកន្លះ
កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលបានចំណាយថវិកាកសាងអស់ជាង៤លាន ត្រូវបានដាក់សម្ពោធឱ្យប្រាស់ប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា។
តាមរបាយការណ៍របស់ឯកឧត្តម វុី សំណាង បានឱ្យដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ចាប់ផ្តើមការដ្ឋានសាងសង់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដោយសាងសង់នៅលើផ្ទៃដីមានទំហំ ៤៣ ៤០២ម៉ែត្រ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណជា៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
គម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសងជា២ដំណាក់កាល គឺដំណាក់កាលរៀបចំសាងសង់របងជុំវិញ៨០០ម៉ែត្រ និងក្លោងទ្វារធំទាំង២ នៃកីឡដ្ឋាន ហើយបន្ទាប់មក សាងសង់សំណង់អគារទីលានបាល់ទាត់ ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ស្របពេលនឹងការសាងសង់សួនកុមារ កន្លែងហាត់ប្រាណសម្រាប់សាធារណជន និងការបំពាក់អំពូលសូឡា ក្នុងបរិវេណកីឡដ្ឋាន។
សំណង់អគាររបស់កីឡដ្ឋានខេត្តកំពង់ស្ពឺ អាចផ្ទុកអ្នកទស្សនាបានចំនួន៣ពាន់នាក់ មានទំហំ ៨៨៤៨ម៉ែត្រការ៉េ កម្ពស់៣ជាន់ (ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី១) ហើយរាល់ការចំណាយគ្រប់បែបយ៉ាង ទៅលើការសាងសង់កីឡដ្ឋាននេះ ត្រូវបានលោក វ៉ី សំណាង បញ្ជាក់ថា អស់ថវិកាសរុប ៤ ២៥០ ៦៩៥ ដុល្លារអាមេរិក៕