
កាយសម្ព័ន្ធកម្ពុជាយកបានមេដាយ៣គ្រឿងហើយពីការប្រកួតជើងឯកអាស៊ី
គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្តើមបានមេដាយសរុប ៣គ្រឿងហើយ ពីការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ ( Asian Aerobic championships) នៅប្រទេសថៃ។
សម្រាប់មេដាយដែលអត្តពលិកកម្ពុជាដណ្តើមបានក្នុងនោះមេដាយប្រាក់ដំបូងរកបានលើវិញ្ញសាគូរដែលមាន កីឡាករ ស៊្រាន វួចទ្រី ចាប់ដៃគូរជាមួយ កីឡាការិនី ឈួន ស្រីនាត ចំណែកមេដាយសំរឹទ្ធ រកបានលើវិញ្ញាសា ទ្រីយ៉ូដែលមាន កីឡាករ ស៊្រាន វួចទ្រី , កីឡាការិនី ឈួន ស្រីនាត និងកីឡាការិនី ច្រឹង ចាន់ត្រា ដែលប្រកួតក្នុងកម្រិតអាយុក្រោម១៥ ឆ្នាំ។
ចំពោះមេដាយប្រាក់១គ្រឿងបន្ថែមទៀតដណ្តើមបានដោយក្រុមកីឡាការិនីអាយុក្រោម ១៨ ឆ្នាំ មានដូចជា កីឡាការិនី ឌឹម អ៊នធីតា , កីឡាការិនី ណេម សុខហេង , កីឡាការិនី ស៊ីវ ចន្ថា , កីឡាការិនី សួស ស្រីពៅ , កីឡាការិនី ឈួន សុវណ្ណបញ្ញា ។
ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ឆ្នាំ២០២២(Asian Aerobic Championships)នៅប្រទេសថៃនេះមានចំនួន១៣វិញ្ញាសាមានក្រុមកីឡាករ-កីឡាការិនីមកពីបណ្តាលប្រទេសនានាដែលមានចំនួនសរុប ២៩៥នាក់ចូលរួមប្រកួត ដំណើរការប្រកួតតាំងពីថ្ងៃទី៣១ ខែសីហា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២ ។
កម្ពុជា បានបញ្ជូនប្រតិភូកីឡាចំនួន១៨ នាក់ រួមមានចៅក្រមអន្តរជាតិ ២ នាក់គ្រូបង្វឹក និងគ្រូជំនួយ៣នាក់ ព្រមទាំងកីឡាករ-កីឡាការិនី១៣នាក់ក្នុងនោះកីឡាការិនី៨នាក់ ៕