គ្រូឆ័ត្រយោង៩១១ បញ្ជាក់រឿងកីឡាករ៣នាក់ប្រកាសលាឈប់ពីប្រដាល់
លោក ហង្ស សឿន គ្រូបង្វឹកក្លិបប្រដាល់កងពលតូចឆ័ត្រយោង៩១១ បានបញ្ជាក់ថាអំពីព័ត៌មានដែលបាន ផ្សព្វផ្សាយតាមបណ្តាយសង្គមថាកូនសិស្សរបស់លោកចំនួន៣នាក់ដែលមាន នឹម នន , សឿន ស្នើម និង ង៉ែត វុធ បានប្រកាសលាឈប់ពីអាជីពអ្នកប្រដាល់ ។
គ្រូបង្វឹកដែលកូនសិស្សខ្លាំងៗជាច្រើនរូបនេះប្រាប់មកកាន់ MSR SPORT ថា កីឡាករ ង៉ែត វុធ មិនបាន លាឈប់ពីប្រដាល់នោះទេ ការខកខានឡើងសង្វៀនដោយសាររូបគេមានបញ្ហារបួសដៃក្នុងអំឡុងការប្រកួត ជាមួយកីឡាករថៃ ចំណែក សឿន ឆ្នើម និង នឹម នន ពិតជាបានលាឈប់ពីកីឡាករប្រដាល់ពិតមែន ។ លោក បន្ថែមថា សឿន ឆ្នើម បានសុំលោកលាឈប់តាមប្រពន្ធដែលមិនអោយបន្តអាជីពជាអ្នកប្រដាល់ រួមទាំងឳពុកម្តាយក្មេករបស់គេផងដែរ ខណៈ នឹម នន មិនសូវចាប់គូបានឡើងប្រកួតធ្វើអោយគេមិនសូវ ទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ ទើបសម្រេចចិត្តទៅធ្វើការនៅរោងចក្រវិញ ។ ចុងក្រោយលោកលើកឡើង ថាលោកមិនបានហាមឃាត់កូនសិស្សរូបណាមួយឡើយ ប្រសិនបើពួកគេចង់ឈប់ពីប្រដាល់ ហើយមានជម្រើសល្អជាងនេះ ។
សូមបញ្ជាក់ថា នឹម នន និង សឿន ឆ្នើម សុទ្ធតែបានឆ្លងកាត់ការប្រកួតមិត្តភាពអន្តរជាតិ ១ដងទៅ២ដងដូចគ្នានាពេលកន្លងមក ប៉ុន្តែទើបតែថ្មីៗនេះពួកគេបានប្រកាសឈប់ធ្វើជាអ្នកប្រដាល់ដើម្បីចាប់យកមុខរបបផ្សេងវិញ ៕