អេលីត ចំរើន ថាប៉ះ វាន់ថង ត្រូវមានម្នាក់ដើរចូល
ជើងខ្លាំងគុនខ្មែរកំពុងតែមានសមត្ថភាពឡើងរបស់ក្លិប ប៉ែន កាក់ គុនខ្មែរ អេលីត ចំរើន និយាយថាប៉ះ ឈុត សេរីវាន់ថង ត្រូវតែមានម្នាក់ដើរចូល ព្រោះក្បាច់ស្រដៀងគ្នា សម្រាប់ការដណ្តើមប្រាក់លានខារ៉ាប៉ាវ នាថ្ងៃ សៅរ៍ ទី ០១ សីហា ឆ្នាំ ២០២០ នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។
កូនសិស្សរបស់លោក ស៊ន អេលីត បានបង្ហើបមុនការប្រកួតថា មានក្តីបារម្ភខ្លះដែរ ពេលប៉ះកីឡាករខ្លាំងដូចជា សេរីវាន់ថង ដូចនេះដាក់ក្តីសង្ឃឹមត្រឹម៥០ភាគរយដើម្បីរង់ចាំការប្រកួតលើសង្វៀនផ្ទាល់ ថាឈ្នះ រឺ ចាញ់ ។
អ្នកប្រដាល់ខេត្តបាត់ដំបង បន្ថែមថា នេះជាលើកទី១ហើយដែលប្រកួតជាមួយ ឈុត សេរីវាន់ថង ប៉ុន្តែ ក៏បានស្វែងយល់ពីក្បាច់ជើងខ្លាំងវ័យក្មេងរូបនេះរួចរាល់ផងដែរ ដោយដឹងថាល្អកណ្តាប់ដៃ និងការថយ ទាត់ជើងក្រោម ។
សូមបញ្ជាក់ថា ជំនួបរវាង អេលីត ចំរើន និង ឈុត សេរីវាន់ថង នឹងធ្វើឡើងលើប្រភេទទម្ងន់ ៦០ គីឡូក្រាម ដែលអ្នកឈ្នះនឹងទទួលបានប្រាក់បន្ថែម១លានរៀលពីក្រុមហ៊ុន ខារ៉ាប៉ាវ ខណៈ ការប្រកួត នឹងធ្វើឡើងចាប់ពីម៉ោង ២ និង ៣០ នាទីរសៀល និងផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕