គុនខ្មែរ៧នាក់ដែលចេញទៅប្រកួតមាន៥នាក់ធ្លាប់មានបទពិសោធនៅទឹកដីថៃ
កីឡាករគុនខ្មែរទាំង៧នាក់ដែលត្រូវប្រកួតក្នុងកម្មវិធី Muay Thai Super Champ នៅថ្ងៃអាទិត្យ ទី៣០ នេះមាន ៥នាក់ធ្លាប់មានបទពិសោធប្រកួតនៅទឹកដី ប្រទេសថៃនាពេលកន្លង ខណៈ២នាក់មិនដែលធ្លាប់បានប្រកួតនៅទឹកដីប្រទេសថៃនោះទេ ។
កីឡាករគុនខ្មែរ៥នាក់ដែលធ្លាប់ចេញទៅប្រកួតនៅប្រទេសថៃនាពេលកន្លងមករួមមាន យ៉េន ឌីណា អ្នកប្រដាល់ខេត្តកោះកុងរូបនេះធ្លាប់មានបទពិសោធប្រកួតនៅ ខេត្តសុរិន្ទនិងបានខ្សែក្រវាត់ទៀតផង ហើយក៏ធ្លាប់ប្រកួតជាមួយជើងខ្លាំងថៃ ភិតដាំ ផងដែរ ហើយក៏ធ្លាប់ប្រកួតផ្សេងៗផងដែរ ។ ចំណែក ទិត្យ សុវណ្ណគិរី និង រិទ្ធ ភូលូ សុទ្ធតែធ្លាប់ប្រកួតនៅកម្មវិធី Muay Thai Super Champ នេះតែម្តង ដោយ ភូលូ ឈ្នះម្តង និង គីរី ចាញ់ម្តងនិងឈ្នះម្តង ។ ក្នុងនោះផងដែរ ហ៊ីម សេរី ក៏ធ្លាប់ប្រកួតនៅថៃដែរពោលធ្លាប់ចាញ់ទាំងមិនអស់ចិត្តក្នុងកម្មវិធី Asean Fight នៅខេត្តស៊ីសាកេត ។ កំពែង ខ្មៅ ក៏ធ្លាប់ប្រកួតនៅថៃដែរ ដូចជាកម្មវិធីចូលឆ្នាំនៅខេត្តសុរិន្ទ ជាដើម ។
កីឡាករ២នាក់ដែលមិនធ្លាប់ប្រកួតនៅទឹកដីប្រទេសថៃគឺ សុខ ទូ និង ព្រឿង សុជាតិ កីឡាករវ័យក្មេងទាំងពីរនេះមិនដែលបានប្រកួតក្នុងទឹកដីប្រទេសថៃនោះទេ ប៉ុន្តែធ្លាប់ប៉ះថៃនៅទឹកដីកម្ពុជា ។ កីឡាករគុនខ្មែរទាំង៧ នាក់នេះនឹងប្រកួតនៅប្រទេសថៃដណ្តើមពាន Muay Thai Super Champ នៅថ្ងៃអាទិត្យ ទី៣០ នាទឹកដីប្រទេសថៃ ចាប់ពីម៉ោង ៦:៣០ ហើយក៏ជាលើកដំបូងផងដែរដែលមានកីឡាករគុនខ្មែររហូត៧នាក់ប្រកួតក្នុងកម្មវិធីតែមួយដោយកន្លងមានត្រឹម ៦ ទៅ ៥ នាក់ប៉ុណ្ណោះ ៕