ក្លិបមួយនៅវៀតណាមតែងតាំងគ្រូបង្គោលថ្មីជំនួសអតីតគ្រូកម្ពុជា
ក្លិបបាល់ទាត់ Hoang Anh Gia Lai បានតែងតាំងលោក Nguyen Van Dan ជាគ្រូបង្គោលថ្មីជំនួសលោក Lee Tae-hoon មុនការប្រកួតតទល់ក្លិប Ho Chi Minh City FC នៅជុំទី ១៣ នៃក្របខណ្ឌកំពូលវៀតណាម រដូវកាល២០២០ ។
គ្រូបង្វឹកជនជាតិកូរ៉េនឹងប្តូរទៅជានាយកបច្ចេកទេសវិញ។ ការប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា។
ជាមួយគ្នានេះ លោក Duong Minh Ninh ត្រូវបានផ្ដល់តួនាទីជាគ្រូជំនួយ។ អ្នកទាំងពីរនឹងធ្វើការរួមគ្នាដើម្បីជួយ HAGL ស្ថិតក្នុងចំណោមក្រុមកំពូលទាំង៨ និងចៀសពីតំបន់កាត់ចោលនៅជុំទីមួយ។
លោក Nguyen Van Dan
លោក Lee Tae-hoon បានចូលធ្វើនៅក្លិប Hoang Anh Gia Lai នៅចុងឆ្នាំ ២០១៨ ក្នុងនាមជានាយកបច្ចេកទេស មុនទទួលការតែងតាំងជាគ្រូបង្គោលនៅដើមរដូវកាល២០១៩។
លោក Duong Minh Ninh
តាមពិតទៅលោក Nguyen Van Dan មិនមែនជាមនុស្សថ្មីសម្រាប់ Hoang Anh Gia Lai ទេ ព្រោះលោកក៏ជាអតីតកីឡាករប្រចាំក្លិបនេះ និងជាគ្រូយុវជន ព្រមទាំងគ្រូជំនួយរាប់ឆ្នាំដែរ។ អតីតប្រធានក្រុមវៀតណាមក៏ធ្លាប់ជាគ្រូជំនួយលោក Park Hang-seo ក្នុងក្រុមជម្រើសជាតិទៀតផង។
គួរដឹងដែរថា ១២ប្រកួតនៅរដូវកាល២០២០ ក្រោមការដឹកនាំពីលោក Lee Tae-hoon ក្លិប HAGL ឈរនៅលេខ៧មាន១៧ពិន្ទុ៕