កីឡាករ Arsenal ម្នាក់ចង់ទៅស្រុកកំណើតវិញក្រោយជួបទុក្ខធំក្នុងគ្រួសារ
Lucas Torreira និយាយថា ចង់ចាកចេញពីអឺរ៉ុបទៅប្រកបអាជីពនៅក្លិប Boca Juniors ក្នុងប្រទេសអាហ្សង់ទីន ដើម្បីបានក្បែរគ្រួសារ ក្រោយម្ដាយរបស់គេទទួលមរណភាព។
កីឡាករវ័យ២៥ឆ្នាំកំពុងលេងនៅ Atletico Madrid លើលក្ខខណ្ឌខ្ចីពី Arsenal ហើយឪពុករបស់គេក៏ចង់ឲ្យគេវិលទៅវិញដែរ។
Torreira និយាយថា ម្ដាយរបស់គេបានចែកឋានដោយសារជំងឺកូវីដ១៩។ គេថា រឿងលេងឲ្យ Boca Juniors ហ្នឹងក៏ជាបំណងរបស់ឪពុកគេដែរ។
ខ្សែបម្រើកម្ពស់១ម៉ែត្រ៦៨និយាយថា ពិតជាពិបាកទទួលយកស្ថានភាពនេះ តែសង្ឃឹមថា ក្រោយពេលវេលាកន្លងទៅ គេអាចនឹងរស់នៅក្នុងភាពឈឺចាប់បាន។
ម្ដាយវ័យ៥៣ឆ្នាំរបស់ Torreira បានធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ១៩រយៈពេល១១ថ្ងៃ បន្ទាប់ពីមានហេតុការណ៍ផ្ទុះជំងឺដ៏កាចសាហាវនេះក្នុងស្រុកកំណើតរបស់ Torreira នៅអ៊ុយរុយហ្គាយ។ គេទទួលដំណឹងដ៏អាក្រក់នៃការចែកឋានរបស់ម្ដាយគេកាលថ្ងៃចន្ទ ទី២៩ ខែមីនា៕