FFC ចេញសេចក្តីប្រកាសពីការផ្សាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សរិះគន់ Honda ដែលធ្វើការជាមួយមន្រ្តីបាល់ទាត់ខ្មែរ
សហព័ន្ធបាល់ទាត់កម្ពុជា ( FFC ) បានចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីបកស្រាយអំពីការចោទ ប្រកាន់របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលបានសរសេរ រិះគន់តារាបាល់ទាត់លំដាប់ពិភពលោករបស់ជប៉ុន Keisuke Honda ដែលបានយល់ព្រមធ្វើជាគ្រូបង្វឹកបាល់ទាត់ ។
- នេះជាការចេញសេក្តីប្រកាសរបស់ សហព័ន្ធបាល់ទាត់កម្ពុជា ( FFC )៖
- ហើយនេះជាការចេញផ្សាយរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ៖
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រិះគន់តារាបាល់ទាត់លំដាប់ពិភពលោករបស់ជប៉ុន ដែលបានយល់ព្រមធ្វើជាគ្រូបង្វឹកបាល់ទាត់ ឲ្យកីឡាករជម្រើសជាតិកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ សៅ សុខា។ អង្គការនេះ សម្តែងក្តីតក់ស្លុត ដែលតារាបាល់ទាត់ជប៉ុនរូបនេះ បានថតរូប និងធ្វើការជាមួយលោក សៅ សុខា ដោយហេតុថា លោក សៅ សុខា ជាប់ឈ្មោះជានាយឧត្តមសេនីយមានបាតដៃប្រឡាក់ឈាម ដោយសារតែបានជាប់ពាក់ព័ន្ធនឹងអំពើសម្លាប់មនុស្សរាប់មិនអស់ និងឧក្រិដ្ឋកម្មសង្គ្រាមនៅកម្ពុជា។
ក្នុងលិខិតចុះថ្ងៃទី៣ ធ្នូ ឆ្នាំ ២០១៨ ទើបនឹងចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៦ ធ្នូ សរសេរដោយនាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាមស៍ (Brad Adams) ផ្ញើទៅកាន់តារាបាល់ទាត់ជប៉ុនលោក លោក កីស៊ូកិ ហុងដា (Keisuke Honda) លោក ប្រ៊ែដ អាដាមស៍ រៀបរាប់ថា អង្គការរបស់លោក មានការតក់ស្លុត ក្រោយពីបានឃើញរូបថតរបស់តារាបាល់ទាត់ជប៉ុនរូបនេះ ថតជាមួយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ក្នុងសន្និសីទកាសែតមួយ ធ្វើឡើងនៅក្នុងក្រុងភ្នំពេញ ដើម្បីប្រកាសតែងតាំងរូបលោក ឲ្យធ្វើជាគ្រូបង្វិកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា។
លោក ប្រ៊ែដ អាដាមស៍ ចាត់ទុកថា ការណ៍ដែលតារាបាល់ទាត់ជប៉ុនរូបនេះ បានថតរូប និងព្រមធ្វើជាគ្រូបង្វិកឲ្យក្រុមកីឡាករបាល់ទាត់ជម្រើសជាតិរបស់កម្ពុជានេះ ទំនងជាកីឡាកររូបនេះ មិនបានដឹងពីប្រវត្តិលម្អិតរបស់លោក សៅ សុខា។ លោក សម្តែងកង្វល់ពីការណ៍ដែលកីឡាកររូបនេះយកកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលជាកីឡាករបាល់ទាត់ល្បីឈ្មោះលំដាប់ពិភពទៅប្រឡាក់ប្រឡូកជាមួយនឹងលោក សៅ សុខា នេះ ដែលជាបុគ្គលម្នាក់ ដែលអង្គការនេះចាត់ទុកថាជា «អ្នករំលោភសិទ្ធិមនុស្សលំដាប់ពិភពលោក» នោះ។
ឧត្តមសេនីយ៍ សៅ សុខា បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានដាក់ឈ្មោះលោក ក្នុងចំណោមឧត្តមសេនីយបាតដៃកខ្វក់ ឬប្រឡាក់ឈាម ១២ រូបរបស់របបលោក ហ៊ុន សែន ដោយសារតែមានជាប់ព័ន្ធនឹងរឿងអាស្រូវខាងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរងការចោទថា ជាឧក្រិដ្ឋជនសង្គ្រាម។ អង្គការនេះ ធ្លាប់លាតត្រដាងថា កងកម្លាំងលោក សៅ សុខា ជាអ្នកទទួលខុសត្រូវក្នុងរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ អំពើទារុណកម្ម ការចាប់ខ្លួនមនុស្សតាមទំនើង ឬដោយខុសច្បាប់ ការវាយប្រហារបង្ក្រាបមកលើក្រុមអ្នកតវ៉ា និងអំពើហឹង្សាជាច្រើនដទៃទៀត។
បើតាមលោក ប៊្រែដ អាដាម លោក សៅ សុខា ធ្លាប់ទទួលស្គាល់ថា លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងអំពើរដ្ឋប្រហារដ៏បង្ហូរឈាមមួយ កាលពីដើមខែកក្កដា ឆ្នាំ ១៩៩៧ ក្នុងនាមលោកជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កាលណោះ អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ថូម៉ាស់ ហេមម៉ាប៊ឺក (Thomas Hammarberg) បានរាយការណ៍ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រោមបញ្ជារបស់លោក សៅ សុខា ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាមន្ទីឃុំឃាំង ធ្វើទារុណកម្ម និងប្រហារជីវិតក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា។ ក្រុមអ្នកស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ ក៏បានរកឃើញដែរថា មានទាហ៊ានយ៉ាងហោចណាស់ ៣០ នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានគេយកមកឃុំឃាំង និងធ្វើទារុណកម្មដោយកងកម្លាំងកងរាជអាវុធហត្ថរបស់លោក សៅ សុខា នៅសាខាកំបូល ខេត្តកំពង់ស្ពឺ។
លោក ប្រ៊ែដ អាដាមស៍ សរសេរពន្យល់បន្ថែមប្រាប់កីឡាករបាល់ទាត់ជប៉ុនរូបនេះថា រដ្ឋាភិបាលបរទេស បានដឹងឮជាយូរមកហើយថា លោក សៅ សុខា ជាអ្នកទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោកឲ្យដឹងថា មន្ត្រីម្នាក់មកពីប្រទេសបារាំង ដែលជាអ្នកជួយជ្រោមជ្រែងបង្កើតកងរាជអាវុធហត្ថ បានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់លោកថា លោក សៅ សុខា «មានជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម និងអំពើហិង្សាជាច្រើន»។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏ធ្លាប់អំពាវនាវឲ្យរបបក្រុងភ្នំពេញ ដកលោក សៅ សុខា ចេញពីមុខតំណែង បើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រព្រឹត្តិដោយឧត្តមសេនីយ៍រូបនេះ និងនាំខ្លួនលោកសៅ សុខា ទៅកាត់ទោសពីរឿងរំលោភសិទ្ធិមនុស្សទាំងនេះ។
ជាមួយគ្នានេះដែរ លោក ប្រ៊ែដ អាដាមស៍ ក៏បានរំឮកតារាបាល់ទាត់ជប៉ុនរូបនេះថា នៅពេលដែលលោក សៅ សុខា ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីឆ្នាំ២០០៦ កន្លងទៅ អង្គការគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានបដិសេធ មិនទទួលស្គាល់ការតែងតាំងនេះ ដោយសារតែការតែងតាំងលោក សៅ សុខា នេះ ធ្វើឡើងក្រោយការបោះឆ្នោតនៅកម្ពុជា ដែលពុំមានលក្ខណៈស្របច្បាប់។
លោក ប្រ៊ែដ អាដាមស៍ ចង់ជួបផ្ទាល់មួយជាមួយតារាបាល់ទាត់ជប៉ុនរូបនេះ ដើម្បីពិភាក្សាបន្ថែមជុំវិញករណីនេះ។ គិតត្រឹមយប់ថ្ងៃទី១៧ ធ្នូ អាស៊ីសេរី នៅមិនទាន់អាចទាក់ទងលោក សៅ សុខា និងតារាបាល់ទាត់ជប៉ុនលោក កីស៊ូកិ ហុងដា ដើម្បីសុំប្រតិកម្មជុំវិញការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ និងការឆ្លើយតបទៅនឹងលិខិតរបស់លោក ប្រ៊ែដ អាដាមស៍ នេះបាននៅឡើយទេ។ តារាបាល់ទាត់ជប៉ុនលោក កីស៊ូកិ ហុងដា ធ្លាប់ធ្វើជាសមាជិកនៃក្រុមជម្រើសជាតិបាល់ទាត់ជប៉ុនពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៨។ លោកក៏បានលេងឲ្យក្រុមបាល់ទាត់អាជីពរបស់ប្រទេសហូឡង់ រុស្ស៊ី អ៊ីតាលី និងអូស្ត្រាលី៕