ក្រៅពី Messi កីឡាករលេចធ្លោមួយចំនួននេះក៏កំពុងស្ថិតក្នុងស្ថានភាព Free-Agent ដែរ
កីឡាករ High Class មួយចំនួនដូចជា Juan Mata, Lionel Messi, Sergio Ramos បានចប់កិច្ចសន្យាជាមួយក្លិបពួកគេរៀងៗខ្លួនហើយនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដានេះ អ៊ីចឹងមានន័យថា ពួកគេកំពុងតែស្ថិតក្នុងស្ថានភាព Free-Agent ពោលមិនជារបស់ក្លិបណាឡើយ។ ទន្ទឹមនឹងនេះ ក៏មានកីឡាករមួយចំនួនទៀតដែរ ដែល free-agent។
១. Theo Walcott (Everton) ៖ រដូវកាលមុន អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះលេងនៅ Southampton លើកិច្ចសន្យាខ្ចីពី Everton ដោយរកបាន៣គ្រាប់ពីការចូលលេង២០លើកនៅ Premier League។ យ៉ាងណា Southampton គ្មានបំណងផ្ទេរផ្ដាច់អតីតសមាជិក Arsenal រូបនេះទេ ខណៈកិច្ចសន្យារបស់គេនៅ Everton គឺអស់សុពលភាពហើយ។
២. David Luiz (Arsenal) ៖ ខ្សែការពារប្រេស៊ីលរូបនេះបានប្រកាសចេញពី Arsenal នាពាក់កណ្ដាលខែឧសភា។ ថ្នាក់ដឹកនាំក្រុមកាំភ្លើងធំអត់តកុងត្រាទេ ព្រោះថាវ័យជ្រេ និងធ្លាក់គុណភាពច្រើន។
៣. Juan Mata (Manchester United) ៖ Mata មិនសូវរួមចំណែកអីបានច្រើនទេនៅ Manchester United ២រដូវកាលចុងក្រោយ។ យ៉ាងណា គេនៅតែទទួលបានការគោរពពីអ្នកចាត់ការ Ole Gunnar Solskjaer និងមិត្តរួមក្រុម ចំពោះភាពជាអាជីពរបស់គេ។ ប៉ុន្តែក្រុមបិសាចក្រហមមិនទាន់គិតគូររឿងផ្ដល់កុងត្រាថ្មីដល់អតីតកីឡាករ Valencia និង Chelsea រូបនេះទេ។
៤. Patrick van Aanholt (Crystal Palace) ៖ Van Aanholt ជាប់ជម្រើសដំបូង៥ដងនៅ Crystal Palace។ អ្នកគាំទ្រមិនសូវសប្បាយចិត្តប៉ុន្មានដែលថ្នាក់ដឹកនាំ Crystal Palace មិនបន្តកុងត្រាដល់ខ្សែការពារឆ្វេងជម្រើសជាតិហូឡង់។
៥. Lionel Messi (Barcelona) ៖ កំពូលតារារូបនេះកំពុងស្ថិតក្នុងស្ថានភាពមិនមានក្លិប។ បើតាមអ្នកសារព័ត៌មាន Fabrizio Romano គឺខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះផ្ដោតលើពានរង្វាន់ Copa America ជាមួយជម្រើសជាតិសិន មុននិយាយរឿងតកុងត្រាជាមួយ Barcelona។
៦. Sergio Ramos (Real Madrid) ៖ Ramos បានបញ្ចប់ចំណង១៦ឆ្នាំជាមួយ Real Madrid ហើយ។ ក្លិបធំៗមួយចំនួនដូចជា Paris Saint Germain និង Manchester United បានចែចូវខ្សែការពារអេស្ប៉ាញរូបនេះដោយភ្ជាប់នឹងប្រាក់ឈ្នួលយ៉ាងច្រើន។
៧. Giorgio Chiellini (Juventus) ៖ Chiellini កំពុងស្ថិតក្នុងក្រុមជម្រើសអ៊ីតាលីប្រកួត Euro 2020។ បើតាមសារព័ត៌មានក្នុងស្រុកអ៊ីតាលី គឺអ្នកចាត់ការ Maxilimiliano Allegri កំពុងរង់ចាំ Chiellini វិលពីជម្រើសជាតិសិន ដើម្បីជជែករឿងផ្ដល់កុងត្រាថ្មី ដោយ Juventus ចង់ឲ្យមួយឆ្នាំទៀត។ ដោយសារតែបទពិសោធ និងឥទ្ធិពល Juventus នៅតែចង់ទុកខ្សែការពារវ័យ៣៦ឆ្នាំរូបនេះ។
៨. Jerome Boateng (Bayern Munich) ៖ Boateng គឺជាកីឡាករដ៏មានសុក្តានុពលមួយរូបដែលបានចាកចេញពី Bayern Munich នាដំណាច់រដូវកាល២០២០/២០២១។ ខណៈ David Alaba ទៅ Real Madrid និង Javi Martinez ទៅលេងនៅកាតារ Boateng មិនទាន់ជ្រើសរើសទ្រនំថ្មីទេ។
៩. Juan Jesus (Roma) ៖ ខ្សែការពារកណ្ដាលរូបនេះជាជម្រើសដំបូងរបស់ Roma ៣រដូវកាលពីចន្លោះ២០១៦ដល់២០១៩។ ការរួមចំណែករបស់គេបានថយចុះ២រដូវកាលចុងក្រោយ៕