មេ Barca ពិចារណាខ្ចីលុយធនាគារទិញ Haaland
ថ្នាក់ដឹកនាំ FC Barcelona កំពុងពិចារណាខ្ចីប្រាក់ពីធនាគារដើម្បីទិញយក Erling Haaland នាទីផ្សារដោះដូរដំណាច់រដូវកាលខាងមុខ។
ESPN រាយការណ៍ថា បំណងខ្ចីលុយនេះព្រោះក្រុមរហស្សនាមអ្នកមានបុណ្យកំពុងពិបាកផ្នែកហិរញ្ញវត្ថុដែរ។ តាមពិតទៅ នេះមិនមែនជាលើកទីមួយទេដែលពួកគេធ្វើបែបនេះ ព្រោះធ្លាប់ទិញ Antoine Griezmann ដោយប្រើវិធីខាងលើ កាលឆ្នាំ២០១៩។
ប្រធានក្លិប Barca លោក Joan Laporta ជឿជាក់ថា ការផ្ទេរយក Haaland គឺជាយុទ្ធសាស្ត្រមួយដើម្បីពង្រឹងក្រុមក្នុងរយៈពេល១០ឆ្នាំ។
កាលថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា អ្នកតំណាង Haaland និងឪពុករបស់គេ គឺលោក Alf-Ing Haaland មានវត្តមាននៅក្រុង Barcelona ដើម្បីពិភាក្សាជាមួយលោក Laporta ពីអនាគតរបស់ខ្សែប្រយុទ្ធក្លិប Dortmund។
លោក Michael Zorc នាយកក្លិប Dortmund បានបង្ហើបពីបំណងរក្សាទុកខ្សែប្រយុទ្ធជម្រើសជាតិន័រវេស៍។ យ៉ាងណា គេអាចចាកចេញពីក្លិបអាល្លឺម៉ងនេះបាននារដូវក្ដៅឆ្នាំ២០២២ ក្នុងតម្លៃត្រឹម៧៤លានអឺរ៉ូ ខណៈកិច្ចសន្យារបស់គេមានសុពលភាពដល់ខែមិថុនា ឆ្នា២០២៤ តែបើទិញឥឡូវ គឺមានតម្លៃ១៥០លានអឺរ៉ូ៕