Man United ចង់យក Anthony Martial ដើម្បីប្តូរយក Erling Haaland ពី Dortmund
Manchester United ត្រូវគេរាយការណ៍មកថា បានដាក់សំណើរទៅ Borussia Dortmund ដោយប្តូរខ្សែប្រយុទ្ធ Anthony Martial ដើម្បីយក Erling Haaland មកកាន់ទឹកដី Old Trafford វិញនៅរដូវក្តៅនេះ។
ការដោះដូរនេះក្រុមបិសាចក្រហមត្រូវបានគេជឿថានឹងអាចត្រូវបន្ថែមលុយទៅកាន់ក្រុមជើងឯក DFB Cup រដូវកាលមុនយ៉ាងហោចណាស់ក៏ប្រមាណ៨០លានអឺរ៉ូបន្ថែមទៀតដែរ ស្របពេលដែល Anthony Martial ប្រហែលជាមិនស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹក Ole Gunnar Solskjaer ទៀតឡើយ។
យ៉ាងណាក្តីនៅមិនទាន់មានការចេញមុខមកបដិសេធពី Borussia Dortmund នៅឡើយទេ ស្របពេលដែលក្លឹបមួយនេះធ្លាប់បានបញ្ចាក់ប៉ុន្មានលើកមកហើយថា Haaland នឹងមិនចាកចេញពីក្លឹបឡើយនៅរដូវកាលនេះ។
គួរឱ្យដឹងថា ក្រុមរបស់គ្រួសារមហាសេដ្ឋី Glazer ក៏ត្រៀមដាក់លក់អតីតសមាជិក AS Monaco ខាងលើនេះមុនចាប់ផ្តើមរដូវកាលថ្មីនេះផងដែរ បើសិនជាមានសំណើរសមរម្យពីក្លឹបណាមួយ ខណៈតម្លៃរបស់គេគឺប្រហាក់ប្រហែលនឹង៦០លានអឺរ៉ូតែប៉ុណ្ណោះ។