Tottenham Hotspurs ចេញសេចក្តីថ្លែងការណ៍រឿងបញ្ចប់តំណែងគ្រូបង្វឹក Jose Mourinho
កាលពីពេលថ្មីៗនេះ Tottenham Hotspurs បានសម្រេចចិត្តបញ្ចប់តំណែងគ្រូបង្វឹក Jose Mourinho ទាំងតក់ក្រហល់យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup ទល់នឹង Manchester City នឹងចូលមកដល់នៅសប្តាហ៍ក្រោយ។
សម្រាប់មូលហេតុនៃការចែកផ្លូវគ្នាជាមួយបុរសរហស្សនាម The Special One មិនត្រូវបានបញ្ជាក់ឱ្យច្បាស់ទេ ខណៈសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ដោយសារតែបញ្ហាលទ្ធផលមិនល្អនៅរដូវកាលនេះទើបធ្វើឱ្យម្ចាស់ក្លឹបក្រុមរហស្សនាមមាន់ខ្នាយមាសមិនសប្បាយចិត្ត ខណៈដែលរបាយការណ៍ផ្សេងៗទៀតបានចុះផ្សាយថា លោក Jose Mourinho អស់តំណែងដោយសារតែបានធ្វើពហិការមិនដឹកនាំកូនក្រុមហ្វឹកហាត់ព្រោះលោកមិនគាំទ្រនៅពេលដែលដឹងថា Spurs មានឈ្មោះដើម្បីត្រៀមលេងនៅក្នុងពានរង្វាន់ថ្មី European Super League ដែលជាការបំផ្លាញពិភពបាល់ទាត់នៅអឺរ៉ុប។
យ៉ាងណាក្តី Tottenham Hotspurs ក៏បានចេញសេចក្តីថ្លែងការណ៍មួយរបស់ប្រធានក្លឹប Daniel Levy ផងដែរថា៖ “ក្លឹបសូមធ្វើការប្រកាសជាសាធារណៈថា គ្រូបង្វឹក Jose Mourinho និងក្រុមការងាររបស់គាត់ទាំងអស់នឹងត្រូវបញ្ចប់ភារកិច្ចពេលពេលនេះតទៅ។ Jose និងក្រុមការងាររបស់គាត់បានរួមដំណើរជាមួយក្លឹបក្នុងការប្រកួតប្រជែងនានា ហើយ Jose គឺជាគ្រូបង្វឹកដែលមានឆន្ទៈខ្ពស់ ហើយក្លឹបពិតជារីករាយណាស់ដែលមានគាត់ជាគ្រូបង្វឹករូបនេះ។ ជាចុងក្រោយ Spurs សូមអរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់ Jose និងអ្នករាល់ ហើយក្លឹបនឹងតែងតែស្វាគមន៍វត្តមានរបស់ Jose ជានិច្ច។”
គួររំលឹកថា លោក Jose Mourinho ត្រូវបានតែងតាំងជាគ្រូបង្វឹក Tottenham Hotspurs កាលពីរដូវកាលមុនជំនួសតំណែងលោក Mauricio Pochettino ដែលត្រូវបានបញ្ចប់តំណែងដូចគ្នាក្រោយពីដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អ។ ដោយឡែកសម្រាប់អ្នកមកជំនួសកៅអីលោក Jose Mourinho វិញនៅរដូវកាលនេះគឺ អតីតខ្សែបម្រើ Ryan Mason ជាទទួលបន្ទុកជំនួសជាបណ្តោះអាសន្ន។