
ការផ្ទេរ Ziyech ពី Chelsea ទៅ PSG ប្រឈមនឹងបរាជ័យ
សំណើខ្ចីជើងរបស់ Hakim Ziyech ពី Chelsea ទៅ Paris St-Germain ប្រឈមនឹងបរាជ័យ ដោយសារតែឯកសារដើម្បីបញ្ចប់ការផ្ទេរនេះមិនត្រូវបានបញ្ជូនឱ្យទាន់ពេលវេលា។
កីឡាករវ័យ ២៩ឆ្នាំរូបនេះកំពុងនៅក្រុងប៉ារីសដោយរំពឹងថានឹងត្រូវបានបញ្ជាក់ជាកីឡាកររបស់ PSG ប៉ុន្តែការចុះឈ្មោះមិនទាន់បានបញ្ចប់។
វានៅតែត្រូវបានគេមើលឃើញថាតើមានដំណោះស្រាយណាមួយដែរ តែបច្ចុប្បន្ន Ziyech នឹងត្រូវត្រឡប់ទៅ Chelsea វិញសិន។
បើតាម BBC ក្រុមកំពូលតារាងបារាំងកំពុងបន្ទោស Chelsea ស្ងាត់ៗចំពោះការមិនបញ្ជូនឯកសារទៅអាជ្ញាធរបារាំងមុនថ្ងៃកំណត់។
Ziyech គឺជាកីឡាករដំបូងរបស់តោខៀវបន្ទាប់ពីការហាមឃាត់ការផ្ទេររបស់ពួកគេក្នុងឆ្នាំ ២០២០។ គេផ្ទេរពី Ajax ទៅ Stamford Bridge ក្នុងតម្លៃ៣៣ លានផោន៕