អ៊ូច ធារិទ្ធ សាកល្បងហាត់តិចៗ ក្រោយរបួសបាក់ជើង៣ខែ
អស់រយៈពេលជាង៣ខែមកហើយដែលអ្នកប្រដាល់គុនខ្មែរ អ៊ូច ធារិទ្ធ បានជួបគ្រោះថ្នាក់របួសបាក់ស្មងជើងក្នុងអំឡុងការប្រកួតជាមួយកីឡាករថៃ វ៉ាត់ឆារ៉ាសាក់ ក្នុងទឹកទី២ នាសង្វៀន បាយ័ន្ត ពោលចាប់តាំងពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២០ មក ។ នៅថ្ងៃនេះអ្នកប្រដាល់នៃក្លិបអាណាចក្រគុនខ្មែរ បានចាប់ផ្តើមហ្វឹកហាត់តិចៗ ដើម្បីស្ទង់មើលរបួសរបស់គេបានធូរស្បើយដល់កម្រិតណាហើយ ។
អ៊ូច ធារិទ្ធ បានបង្ហាញអារម្មណ៍របស់ខ្លួននៅថ្ងៃនេះថា ពិតជាសប្បាយចិត្តណាស់ ខ្ញុំចាប់ផ្តើមហាត់បានតិចៗហើយ យ៉ាងណារបួសរបស់គេមិនទាន់បានជា១០០ភាគនោះទេ ខណៈការហាត់របស់គេនេះអាចធ្វើបានត្រឹម១០ភាគរយតែប៉ុណ្ណោះ ។ ធារិទ្ធ ជាអ្នកប្រដាល់មួយរូបដែលស្ថិតក្នុងចំណោមកីឡាករដែលអាចប្រកួតអន្តរជាតិបានក្នុងប្រភេទទម្ងន់ ៥៧ ទៅ ៦០ គីឡូក្រាម ហើយអ្នកគាំទ្រភាគច្រើនពេញចិត្តការប្រកួតរបស់គេដោយសារការវាយអស់ពីសមត្ថភាពនិងមិនចេះញញើតដៃគូពេលឡើងសង្វៀន ។ សូមបញ្ជាក់ថា តាមការបញ្ជាក់របស់គ្រូពេទ្យកន្លងមករបួសបាក់ស្មងជើងរបស់ អ៊ូច ធារិទ្ធ ត្រូវប្រើពេលវេលាពី ៦ ទៅ ១ ឆ្នាំទើបអាចឡើងសង្វៀនវិញ ខណៈអ្នកប្រដាល់ខេត្តបាត់ដំបងរូបនេះមានលំបាកច្រើនដោយសារពឹងផ្អែកលើការឡើងសង្វៀនតែមួយមុខ ៕