ម្ចាស់ការពារតំណែងជើងឯក Liverpool ប៉ះក្រុម AT Madrid ខណៈដែល Real Madrid ប៉ះ Man City នៅ UCL វគ្គ១៦ក្រុមចុងក្រោយ
(BC-99)
ក្រោយពីការប្រកួតជម្រុះតាមពូលបានបិទបញ្ចប់ទាំងស្រុងក្នុងក្របខណ្ឌ UEFA Champions League ពេលនេះលទ្ធផលចាប់ឆ្នោតជ្រើសរើសគូប្រកួតនៅវគ្គបន្ទាប់ក៏បានស្តែងចេញមកផងដែរ។
វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បានបង្ហាញអោយឃើញថាម្ចាស់ការពារតំណែងជើងឯករដូវកាលចាស់និងធ្លាប់ឈ្នះពាននេះ៦សម័យ ហង្សក្រហម Liverpool ត្រូវតទល់ជាមួយក្រុមជើងឯករង៣សម័យ Atetletico Madrid ដែលជើងទីមួយត្រូវធ្វើឡើងនារាជធានី Madrid ប្រទេសអេស្ប៉ាញ។ នៅទីនេះផងដែរក្រុមឈ្នះពាននេះច្រើនជាងគេបង្អស់១៣សម័យគឺអធិរាជស Real Madrid ត្រូវបើកទ្វារផ្ទះរបស់ខ្លួនដើម្បីទទួលភ្ញៀវជើងឯក Premier League រដូវកាលចាស់ Manchester City។
ងាកមកកាន់ក្រុមថ្មីរបស់បុរស The Special One Jose Mourinho មាន់ខ្នាយមាស Tottenham Hot Spur ឯណោះវិញត្រូវទទួលភ្ញៀវមកពីប្រទេសអាឡឺម៉ង់ RB Leipzig ដែលនេះគឺជាជំនួបតំបូងរបស់ពួកគេនៅក្នុងក្របខណ្ឌនេះ។ និយាយពីក្រុមម្ចាស់ជើងឯកនៅឆ្នាំ១៩៩៧ Borussia Dortmund ឯណេះវិញក៏ត្រូវប្រកួតជាមួយនិងក្រុមអ្នកមាននៅបារាំង Paris Saint Germain ផងដែរហើយនេះគឺជាជំនួបលើកទី៣របស់ពួកគេ ក្រោយពីការប៉ះគ្នា២លើកតំបូងបានធ្វើឡើងនៅក្របខណ្ឌ EUROPA League រដូវកាល២០០៩-២០១០។
Atalanta និង Valencia ធ្លាប់ប៉ះប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិម្តងដែរនៅឆ្នាំ២០១៧ ដែលកាលនោះ Atlanta បានឈ្នះដោយលទ្ធផល២-១ ហើយពេលនេះក្រុមទាំងពីរត្រូវប៉ះគ្នាពីរប្រកួតទៀតនៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UCL ឆ្នាំនេះ។ ដោយឡែកម្ចាស់ជើងឯកឆ្នាំ២០១២តោខៀវ Chelsea ត្រូវបានចាប់ឆ្នោតប៉ះចំជើងខ្លាំង Bayern Munich ដែលធ្លាប់ឈ្នះពាននេះ៥សម័យ ហើយនេះគឺជាវិញ្ញាសារដ៏ធំបំផុតសម្រាប់លោក Frank Lampard។ Cristiano Ronaldo ក៏បានជួយអោយក្រុម Juventus ម្ចាស់ជើងឯក២សម័យឡើងដល់វគ្គ១៦ក្រុមចុងក្រោយនេះផងដែរដោយបានប៉ះប្រកួតជាមួយក្រុមម្ចាស់ផ្ទះនៅបារាំង Lyon នៅជើងទីមួយ។
គូចុងក្រោយគឺជាការប៉ះគ្នារវាងក្រុមមកពីអ៊ីតាលី Napoli ដែលទើបតែបណ្តេញគ្រូបង្វឹកចេញពីតំណែងត្រូវតតាំងជាមួយក្រុមជើងឯក៥សម័យមកពីអេស្ប៉ាញ FC Barcelona ខណៈដែល Messi បានជួយអោយក្រុមអ្នកមានបុណ្យឈ្នះពានរង្វាន់អឺរ៉ុបនេះចុងក្រោយបំផុតនៅឆ្នាំ ២០១៥។
គួរបញ្ជាក់ថាការវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ជើងទី១នឹងត្រូវប្រព្រឹត្តធ្វើឡើងនាយប់អង្គារ ពុធ ទី១៨,១៩,២៥និង២៦ ខែកុម្ភៈ ជើងទី២ត្រូវប្រព្រឹត្តធ្វើឡើងនាយប់អង្គារ ពុធ ទី១០,១១,១៧និង១៨ខែមិនាឆ្នាំ២០២០។