
លោក Ole Gunnar Solskjaer នឹងផ្លាស់ប្តូរខែលការពារអោយបានរឹងជាងមុននៅពេលជួបជាមួយក្រុម Palace
(BC-99)
លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United នឹងពិចារណាលើជម្រើសរបស់គាត់ដោយប្រុងប្រយ័ត្នមុនការប្រកួតក្របខ័ណ្ឌ Premier League ជាមួយ Crystal Palace ចូលមកដល់នៅថ្ងៃព្រហស្បតិ៍។
បន្ទាប់ពីការប្រកួតស្មើ ២-២ ជាមួយនឹងក្រុម Southampton កាលពីថ្ងៃច័ន្ទនៅឯកីឡដ្ឋាន Old Trafford ក្រុមបិសាចក្រហមមានការប្រកួតចំនួន ២ ដែលត្រូវលេងក្នុងទីក្រុងឡុងដ៍ដោយរាត្រីថ្ងៃព្រហស្បតិ៍នេះត្រូវប៉ះក្រុម ឥន្រ្ទី Crystal Palace និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Emirates FA Cup ជាមួយក្រុមតោខៀវ Chelsea។
Man United ដែលមិនអាចដណ្តើមយកចំណាត់ថ្នាក់លេខ៣កាលពីសប្តាហ៍មុនបាន ក៏នឹងរកវិធីឈ្នះការប្រកួតវិញនៅឯទីលាន Selhurst Park ហើយអ្នកចាត់ការទូទៅក៏កំពុងពិចារណាថាតើត្រូវផ្លាស់ប្តូរកីឡាករណាខ្លះក្រោយពីបានដាក់ឈ្មោះសមាជិក១១នាក់ដំបូងដដែលៗចំនួន ៥ ប្រកួតចុងក្រោយនេះ។
មានការចាប់ភ្លឹកថាអាចនឹងមានការផ្លាស់ប្តូរ Luke Shaw និង Brandon Williams ដែលបានរងរបួសនៅក្នុងការប្រកួតជាមួយក្រុម Southampton កាលពីយប់ថ្ងៃចន្ទកន្លងមកដោយដាក់ជំនួសមកវិញនូវខ្សែការពារជំនាញផ្សេវវិញ។
ទន្ទឹមនឹងនេះ Aaron Wan-Bissaka នៅតែជាក្តីសង្ឃឹមរបស់ក្រុមបិសាចក្រហមក្នុងការទប់ទល់ជាមួយខ្សែបម្រើស្លាប Wilfried Zaha ដែលជាអតីតកីឡាកររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាពផងដែរ។
Palace បានឈ្នះការប្រកួត ២-១ នៅទឹកដី Old Trafford កាលពីខែសីហាឆ្នាំ ២០១៩ ដោយកីឡាករ Patrick van Aanholt ជាអ្នកស៊ុតយកឈ្នះ។ Daniel James ដែលបានស៊ុតបាល់បញ្ចូលទីឱ្យបិសាចក្រហមនៅពេលនោះក៏អាចស្ថិតនៅក្នុងបញ្ជី១១នាក់ដំបូងរបស់អ្នកចាត់ការម្តងទៀតដែរបន្ទាប់ពីគេបានអង្គុយលើកៅអីបម្រុងកាលពីថ្ងៃច័ន្ទ។