
បេក្ខជនបាល់ទាត់ជម្រើសជាតិត្រូវរត់បាន២០,៥គីឡូម៉ែត/១ម៉ោង បើចង់ជាប់បញ្ជីចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងក្រុមធំ និងក្រុមអាយុក្រោម២៣ឆ្នាំនឹងត្រូវធ្វើតេស្ដល្បឿននៅថ្ងៃទី១៣ ខែកញ្ញា ដើម្បីចម្រាញ់យកអ្នកអាចរត់បាន២០,៥គីឡូម៉ែត្រក្នុងមួយម៉ោង ចូលទៅបញ្ជីចុងក្រោយសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិក្នុងខែកញ្ញា នេះ។
នេះជាការកំហិតថ្មីមួយក្នុងក្រុមជម្រើសជាតិកម្ពុជា ខណៈកីឡាករណាដែលមិនអាចធ្វើបាននោះ ទំនងមិនមានឱកាសជាប់ក្នុងបញ្ជីចុងក្រោយឡើយ។
បើតាមការឲ្យដឹងពីគ្រូបង្វឹកមួយរូប ការតម្រូវឲ្យកីឡាករតេស្ដល្បឿននេះ ជាការផ្ដួចផ្ដើមដោយអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា Keisuke Honda។ លោកខកចិត្តចំពោះកូនក្រុមដែលធ្វើមិនបានល្អអំឡុងជម្រុះជើងឯកអាស៊ីនៅឥណ្ឌា កាលពីខែមិថុនា។ ដូច្នេះហើយបានជាលោកតម្រូវឲ្យមានការតេស្ដល្បឿនបែបនេះ។
គួរបញ្ជាក់ថា ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនឹងត្រូវប៉ះជប៉ុន U23 ថ្ងៃទី២០ ខែកញ្ញា ខណៈ ក្រុមធំត្រូវប៉ះបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ហើយការប្រកួតទាំង២នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕