ក្រុមចាយលុយធំបារាំង PSG បដិសេធរឿងចង់លក់ Neymar និង Mbappe ចេញវិញ
ក្រុមចាយលុយធំបារាំង Paris Saint Germain បានចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះការចុះផ្សាយរបស់កាសែតកីឡាបារាំងមួយដោយបានផ្សាយថាពួកគេកំពុងសម្រេចចង់លក់ខ្សែប្រយុទ្ធ Neymar ឬក៏ Kylain Mbappe ចេញវិញ។
កាសែត L’Equipe កាលពីថ្ងៃសុក្របានចុះផ្សាយអត្ថបទមួយថា PSG ចង់លក់ម្នាក់ក្នុងចំណោមអ្នកទាំងពីរខាងលើ ដោយសារក្លឹបរបស់មហាសេដ្ឋីអារ៉ាប់មួយនេះបានចាយលុយខុសជាមួយនឹងគោលការណ៍ Financial Fair Play របស់ស្ថាប័នអឺរ៉ុប UEFA ។
កាសែតបារាំងដដែលបានបន្ថែមទៀតថាPSG កំពុងប្រឈមក្នុងការបាត់បង់ អ្នកណាម្នាក់ក្នុងចំណោម Neymar ឬMbappe ដើម្បីគេចវេះពីការខុសបម្រាមចាយលុយហួសកំណត់របស់សហព័ន្ធកីឡាបាល់ទាត់ប្រទេសបារាំង។
គួររំលឹកថា PSG បានចាយលុយប្រមាណ ២២២ លានអឺរ៉ូ ដើម្បីទិញ Neymar ពី FC Barcelona និងចាយ ១៨០ លានអឺរ៉ូ ដើម្បីទិញ Mbappe ពី AS Monaco កាលពីឆ្នាំ២០១៧។