ប្រធានអូឡាំពិកថៃទាមទារប្រធានសហព័ន្ធបាល់ទាត់ចេញពីតំណែង
ប្រធានកីឡាអូឡាំពិកថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon មានប្រសាសន៍ថា ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ ឧត្ដមសេនីយ៍ Somyot Poompunmuang គួរតែទទួលខុសត្រូវចំពោះការបរាជ័យរបស់ក្រុម U22 ដែលបរាជ័យក្នុងការប្រជែងមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រ SEA Games លើកទី 32 និងការវាយតប់គ្នា។
ឥណ្ឌូនេស៊ីបានយកឈ្នះថៃ ៥-២ ក្រោយម៉ោងបន្ថែមនៅភ្នំពេញ ប៉ុន្តែការប្រកួតបានធ្លាក់ទៅជាអំពើហិង្សា ខណៈកីឡាករ និងបុគ្គលិកពីភាគីទាំងសងខាងប៉ះទង្គិចគ្នា។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) កាលពីម្សិលមិញ ដែលផ្តោតជាសំខាន់លើទម្រង់លេងរបស់ក្រុមជម្រើសជាតិក្នុងការប្រកួតកម្ពុជា លោក Prawit បាននិយាយថា ការវាយតប់នេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃ និងស្ថាប័នកីឡាទាំងអស់។
លោក Prawit បាននិយាយថា “៖ខ្ញុំបាននិយាយមុនស៊ីហ្គេមថា បើក្រុមមិនបានមេដាយមាសទេ ប្រធានបាល់ទាត់គួរចុះចេញពីតំណែង។ អ៊ីចឹងឥឡូវខ្ញុំសួរថា តើគាត់នឹងទទួលខុសត្រូវហើយលាឈប់ពីមុខតំណែងឬ? បន្ទាប់មកមានការឈ្លោះប្រកែកគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយឥណ្ឌូនេស៊ី ដែលមិនមែនជាលើកទីមួយទេសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិយើង។ ខ្ញុំយល់ថានេះមិនអាចទទួលយកបានទេ។ អ្វីដែលបានកើតឡើងបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសរបស់យើង។ វាត្រូវបានគេផ្សាយផ្ទាល់ជុំវិញពិភពលោក ហើយវាគួរឲ្យអាម៉ាស។”