
សល់តែ១ក្រុមទៀតនឹងគ្រប់៣២ក្រុមនៅ World Cup ជុំចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលីបានក្លាយជាក្រុមទី៣១ដែលបានកក់កៅអីចូលរួមជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ក្រោយឈ្នះប៉េរូ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤ ក្នុងវគ្គ play-off ឆ្លងទ្វីប។
អ្នកចាំទី Andrew Redmayne ដែលចូលជំនួស Mat Ryan មុនការទាត់កាត់សេចក្ដី បានក្លាយជាវីរបុរសដោយការសង្គ្រោះបាល់ពីការស៊ុតដោយ Alex Valera។
នេះជាការបង្ហាញខ្លួនក្នុងជុំចុងក្រោយនៅ FIFA World Cup ជាលើកទី៥ជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០០៦មក។
ពួកគេនឹងស្ថិតក្នុងពូល D ជាមួយក្រុមការពារជើងឯកបារាំង, ដាណឺម៉ាក និងទុយនេស៊ី។
មួយក្រុមទៀតនឹងត្រូវបានដឹងក្រោយជំនួបរវាងកូស្តារីកា និងន័រវេសេឡង់ ដែលត្រវប៉ះគ្នាយប់នេះ៕