
ខ្សែប្រយុទ្ធ Oscar សុខចិត្តចោលលុយជិត២០លានដុល្លារនៅចិន ដើម្បីផ្លាស់មក Barcelona ក្នុងលក្ខខ័ណ្ឌខ្ចីជើង
ខ្សែប្រយុទ្ធ Oscar បានចេញមុខមកបញ្ជាក់ថា ភ្នាក់ងាររបស់ខ្លួនកំពុងតែធ្វើការពិភាក្សាជាមួយភាគី FC Barcelona ដើម្បីព្រមព្រៀងឈានទៅដល់កិច្ចព្រមព្រៀងដើម្បីផ្លាស់ទៅកាន់ទឹកដី Camp Nou នៅខែមករានេះក្នុងលក្ខខ័ណ្ឌខ្ចីជើង។
អតីតសមាជិក Chelsea រូបនេះបច្ចុប្បន្ននេះកំពុងតែលេងនៅ Shanghai Port នៅក្របខ័ណ្ឌលីគកំពូលប្រទេសចិន ដោយរូបគេទទួលបានថ្លៃនឿយហត់ជិត៣លានដុល្លារក្នុង១ខែឯណោះ។
កីឡាករវ័យ៣០ឆ្នាំបានបញ្ជាក់ថា៖ “Barca ចង់បានខ្ញុំទៅជួយពួកគេឥឡូវនេះ ប៉ុន្តែបាល់ទាត់នៅប្រទេសចិនបញ្ចប់នៅខែមិនាខាងមុខនេះ ដូចនេះពួកគេអាចនឹងជួបការលំបាកបន្តិចហើយ។ យ៉ាងណាភ្នាក់ងាររបស់ខ្ញុំកំពុងតែពិភាក្សាជាមួយភាគីទាំងអស់ហើយ។”
គួររំលឹកថា កាលពីឆ្នាំ២០១៦ Oscar បានសម្រេចការផ្លាស់ពី Chelsea ទៅកាន់ Shanghai Port យ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងតម្លៃខ្លួន៦៧លានផោនដែលជាកំណត់ត្រាថ្លៃដាច់គេប្រចាំទ្វីបអាស៊ីតែម្តង។