រឿងពិតពីអ្នកចាំទីកម្ពុជា៣រូប
ប្រាក់ មុន្នីភិរុណ, កែវ សុខសិលា និងសាវែង សំណាង សុទ្ធតែជាអ្នកចាំទីឆ្នើមនៅតាមបណ្ដាក្លិបរៀងៗខ្លួន។ យ៉ាងណា មុនវិវឌ្ឍខ្លួនក្លាយទៅអ្នកចាំទីសំខាន់ក្នុងក្រុម និងរហូតបានជាប់ជម្រើសជាតិផងនោះ តាមពិតទៅ អ្នកទាំង៣សុទ្ធតែចាប់ផ្ដើមការហ្វឹកហាត់បាល់ទាត់ក្នុងតួនាទីផ្សេងប៉ុណ្ណោះ។ តោះយើងទៅអានទាំងអស់គ្នាពីរឿងពិតរបស់អ្នកទាំង៣។
ប្រាក់ មុន្នីភិរុណ, កែវ សុខសិលា និងសាវែង សំណាង
១. ប្រាក់ មុន្នីភិរុណ
ប្រាក់ មុន្នីភិរុណ ជាអ្នកចាំដៃទី១របស់ក្លិបបាល់ទាត់នគរបាលជាតិ និងធ្លាប់ជាប់ជម្រើសជាតិ តាំងពីកម្រិតយុវជន ដល់ ក្រុមធំថែមទៀត។ តែអ្វីដែលអ្នកនិយមទស្សនា បាល់ទាត់ ជាតិមួយចំនួន ប្រហែលមិនបានដឹងនោះ គឺ ប្អូនប្រុស កីឡាករឆ្នើម ប្រាក់ មុន្នីឧត្តម រូបនេះបាន ផ្ដើមការលេងបាល់ទាត់របស់ខ្លួនក្នុងនាមជាខ្សែប្រយុទ្ធ ។
មុន្នីភិរុណ រំឭកថា គេបានចាប់ផ្ដើមហ្វឹកហាត់ បាល់ទាត់ក្នុងក្រុមយុវជនមួយមានឈ្មោះថា ណារិន្ទកុមារ របស់ឯកឧត្តម ជួន ណារិន្ទ ក្នុងនាមជាខ្សែប្រយុទ្ធ ហើយដល់អំឡុងឆ្នាំ០០៧-២០០៨ គេក៏បានជាប់ជម្រើសជាតិ កម្ពុជាអាយុក្រោម១៥ឆ្នាំចេញទៅប្រកួតកម្មវិធីផ្លាស់ប្ដូរមួយនៅប្រទេសជប៉ុន។ គេថា កាលណោះមានតែកីឡាករ អាំ សុវណ្ណារ៉ាត់ ម្នាក់ប៉ុណ្ណោះមានតួនាទីគោលជាអ្នកចាំទី ហើយ ភិរុណ ក៏ត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកចាំទីម្នាក់ដែរក្នុងដំណើរទៅប្រទេសជប៉ុននោះ។
២. កែវ សុខសិលា
ហ្វឹកហាត់បាល់ទាត់នៅទីលានក្រហម ស្តាតអូឡាំពិក អំឡុងឆ្នាំ២០១១-២០១២ កែវ សុខសិលា មានតួនាទីជាខ្សែការពារ។ លុះក្រោយមកបន្ទាប់ពីបានចូលហ្វឹកហាត់នៅថ្នាលភ្នំពេញក្រោន សិលា បានហ្វឹកហាត់ចាំទីជាមួយលោក ប្រាក់ វណ្ណី និងបានបន្តតួនាទីនេះរហូតដល់បច្ចុប្បន្ន។
៣. សាវែង សំណាង
សាវែង សំណាង បានជាប់ក្រុមថ្នាលភ្នំពេញក្រោន ឆ្នាំ២០១១ និងលេងជាខ្សែការពារ។ ផ្ទុយទៅវិញ ឆ្នាំ២០១៣ គេបានប្ដូរទៅជាអ្នកចាំទីវិញ និងជាប់ជម្រើសជាតិ U13 ថែមទៀតផង៕