ខាន់ ចេសា ឈ្នះមេដាយមាសលើកដំបូងក្នុងប្រភេទខ្សែក្រវាត់ខ្មៅ
លោក Peter Khan ឪពុកកីឡាការិនីជឺជីតស៊ូ Jessa Khan បានបង្ហោះថា កូនស្រីរបស់ខ្លួនបានឈ្នះជើងឯកលើកដំបូងចាប់តាំងពីឈានដល់កម្រិតខ្សែក្រវាត់ខ្មៅ។
ឪពុកមានដើមកំណើតខ្មែរតែបានទៅរស់នៅសហរដ្ឋអាមេរិកតាំងពីតូចត្រូវបានទំព័រផ្លូវការ Cambodia 2023 ស្រង់សម្ដីបន្ថែមថា កូនស្រីខ្លួនបានប្រកួតពីរដងក្នុងចំណោមបេក្ខនារីមកពីជុំវិញពិភពលោកជាង៤៦០០នាក់សម្រាប់ការប្រកួតជើងឯក 2022 Pan Jiu-Jitsu Championship ដែលរៀបចំឡើងដោយសហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិនៅរដ្ឋហ្លរីដា ចាប់ពីថ្ងៃទី៦ដល់ទី១០ ខែមេសា ឆ្នាំ២០២២។
ជើងឯក Pan Jiu-Jitsu Championship គឺជាព្រឹត្តិការណ៍ប្រកួតជើងឯកជឺជីតស៊ូធំបំផុតនៅអាមេរិកខាងជើង។
លោក Peter Khan បន្តថា នាងបានឈ្នះមេដាយមាស ក្នុងទម្ងន់ ៥៣.៥គីឡូក្រាម បន្ទាប់ពីប្រកួតឈ្នះកីឡាការិនីប្រេស៊ីល Thamires Aquino ដែលទទួលបានមេដាយប្រាក់នៅវគ្គផ្តាច់ព្រ័ត្រ ខណៈមេដាយសំរឹទ្ធបានទៅកីឡាការិនីប្រេស៊ីល Andreza Morais និងមេដាយសំរឹទ្ធផ្ទួនបានទៅកីឡាការិនីអាមេរិក Sofia Amarante។
នេះក៏ជាការប្រកួតចុងក្រោយរបស់ Jessa Khan មកចូលរួមប្រកួតស៊ីហ្គេម ២០២១ នៅវៀតណាម តំណាងកម្ពុជា៕