លោក ជា រិទ្ធ ថា គូឃីកបុកស៊ីងជាគូបន្ទាប់បន្សំ តែគូធំគឺគូគុនខ្មែរ
បន្ទាប់ពីមានការមិនសប្បាយចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន និងរិះគន់លើគុណភាពកីឡាករខ្មែរដែលចាញ់កីឡាករចិនក្នុងកម្មវិធីស្ដេចប្រដាល់អង្គរ នាពេលថ្មីៗនេះ លោក ជា រិទ្ធ គ្រូបង្វឹកឃីកបុកស៊ីងមួយរូប បានសរសេរលើគណនីផ្ទាល់ខ្លួនថា គូគុនខ្មែរដណ្ដើមពានឯណោះទេដែលជាគូសំខាន់។
លោក ជា រិទ្ធ សរសេរបែបនេះ “៖ ពេលខ្លះខ្ញុំពិតជាមានមិនបញ្ចេញមតិតាមហ្វេសប៊ុកនេះទេព្រោះមិនជាផ្លូវការប៉ុន្មានតែខ្ញុំវាទើសពេក កម្មវិធីស្តេចប្រដាល់អង្គរនោះគឺបងប្អូនមានបានដឹងអត់ថាជាអ្នកណាដែលទទួលពាននោះ មិនមែនកីឡាករចិនទេគឺ ខ្មែរយើង????? គឺរូបខាងក្រោមនេះដែលជាគូគុនខ្មែរវាយដណ្តើមពានធំក្នុងកម្មវិធី! ហើយគូឃីកប៊ុកស៊ីងគ្រាន់តែជាគូបន្ទាប់បន្សំប៉ុណ្ណោះ! សូមកុំជាតិនិយមជ្រុលរហូតមើលមិនឃើញ ស ខ្មៅ??? សូមពិចារណាតាមការគួរជាតិខ្មែរដូចគ្នាទេកុំខឹងគោទៅវាយរទេះមិនមែនមានមាត់មានអណ្តាតចេះតែហា សូមគិតដល់អ្នកខំធ្វើផងអស់លោកអ្នកចាំថា🙏។”
គួរដឹងដែរថា កីឡាករខ្មែរជួរមុខជាច្រើនបានចាញ់ចិន មានទាំងសន្លប់ និងចាញ់ពិន្ទុ។ ក្នុងនោះមានតែនៅ ស្រីពៅ និងលន បញ្ញា ប៉ុណ្ណោះ ដែលទទួលបានជ័យជម្នះ។ ចំណែកការប្រកួតម៉ារ៉ាតុនវិញ វ៉ាន់ វឿន និងឈុត សេរីវ៉ាន់ថង បានទម្លាក់កីឡាករចិន ហើយប៉ះគ្នាផ្ដាច់ព្រ័ត្រ។ ជាលទ្ធផល វ៉ាន់ថង ជាអ្នកបានពាន៕