
ឯ.ឧ វ៉ាត់ ចំរើន បញ្ជាក់អំពីមូលហេតុដែលជ្រើសរើសយក ឃុន ឌីម៉ា បង្គំក្រាបទទួលភ្លើងគប់ពីព្រះមហាក្សត្រ

ឃុន ឌីម៉ា
កីឡាករប្រដាល់គុនខ្មែរ ឃុន ឌីម៉ា ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ នឹងចូលបង្គំក្រាបទទួលភ្លើងគប់ពីព្រះមហាក្សត្រកម្ពុជានៅថ្ងៃបើកព្រឹត្តិការកីឡាជាតិលើកទី២ ក្រោយពីអ្នកប្រដាល់ដែលមានដើមកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះត្រូវបានគេជ្រើសរើសដោយផ្ទាល់ ហើយអនុញ្ញាតទទួលយកភ្លើងគប់ដោយផ្ទាល់នៅក្នុងព្រះរាជវាំង ដើម្បីរត់បណ្តាកគ្នារហូតមកដល់ពិធីបើកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ឯ.ឧ វ៉ាត់ ចំរើន អគ្គលេខាគណកម្មជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា មូលហេតុដែលគេជ្រើសរើសយក ឃុន ឌីម៉ា នាពេលនេះ ដោយសារតែនាយសង្ហារប៉េអឹម គឺជាម្ចាស់មេដាយមាសស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ផ្នែកវិញ្ញាសារគុនខ្មែរ។

ឃុន ឌីម៉ា
សូមបញ្ជាក់ថា មិនមែនតែ ឃុន ឌីម៉ា ម្នាក់ទេដែលរត់កាន់ភ្លើងគប់ គឺនៅមានកីឡាករកីឡាការិនីផ្សេងទៀតត្រូវរត់បណ្តាកភ្លើងគប់មកកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាទីកន្លែងដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រង់ចាំចុចប៊ូតុងស្វាយប្រវត្តដើម្បីអុចជាតំណាងពិធីបើកព្រឹត្តិការមួយនេះ។
ព្រឹត្តិការកីឡាជាតិលើកទី២នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៨ ខាងមុខនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក៕