ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣២នៅប្រទេសជប៉ុនឆ្នាំនេះ មិនមានវត្តមានក្រុមអត្តពលិកកូរ៉េខាងជើងចូលរួមឡើយ
កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ បើយោងតាមក្រសួងកីឡាកូរ៉េខាងជើងបានប្រកាសថា៖ គណកម្មាធិការជាតិកីឡាអូឡាំពិកកូរ៉េខាងជើងនឹងមិនបញ្ជូនក្រុមអត្តពលិករបស់ខ្លួនឲ្យទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកលើកទី៣២នៅទីក្រុងតូក្យូនោះឡើយ ដោយហេតុផលថា ដើម្បីការពារសុខភាពនិងអាយុជីវិតកីឡាករ កីឡាការិនី ពីការឆ្លងជំងឺកូវីដ១៩។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ កូរ៉េខាងជើងបានបញ្ជូនក្រុមអត្តពលិករបស់ខ្លួន ឲ្យចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារនៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
ជាមួយគ្នានោះ គីម ជុងអ៊ុន ក៏បានទាំងបញ្ជូនប្អូនស្រីរបស់ខ្លួនធ្វើជាអ្នកដឹកនាំគណប្រតិភូ និងតាមដានការប្រកួតថែមទៀតផង។ ពេលវេលានោះហើយដែលបានបើកច្រកផ្លូវ ឲ្យមានការចរចាចាប់ដៃគ្នា រវាងកូរ៉េខាងជើងនិងខាងត្បូង រួមជាមួយនិងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ការចរចាសន្តិភាព បានជាប់គាំងលែងទៅមុខវិញ ចាប់តាំងពីលោក ដូណាល់ ត្រាំ បានជួបជាមួយ គីម ជុងអ៊ុន នៅក្រុងហាណូយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ៕