PSG បញ្ឈប់កំណត់ត្រាមិនចាញ់សោះ១៩ប្រកួតនៅ UCL របស់ Bayern
ភាពមិនចាញ់សោះចំនួន១៩ប្រកួតជាប់គ្នានៅក្របខណ្ឌ UEFA Champions League របស់ Bayern Munich ត្រូវបានបញ្ចប់ដោយ Paris Saint Germain។
ក្រុមជើងឯកអាល្លឺម៉ង់ត្រូវក្រុមជើងឯកបារាំងឈ្នះ២ទល់នឹង៣ក្នុងជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ។
ដូច្នេះ Bayern មិនអាចតាមស្មើកំណត់ត្រាមិនចាញ់សោះ២០ប្រកួតជាប់គ្នារបស់ Manchester United ដែលធ្វើបានពីចន្លោះឆ្នាំ២០០៧ ដល់២០០៩។
គ្រាប់បាល់ពី Eric Choupo-Moting ក្នុងនាទី៣៧ និង Thomas Muller នាទី៦០ មិនអាចសង្គ្រោះក្រុមការពារតំណែងជើងឯកបានទេ។ PSG ពិតជាធ្វើបានល្អ ហើយរកបានដោយ Kylian Mbappe នាទីទី៣ និងនាទី៦៣ និងមួយគ្រាប់ទៀតពី Marquinnhos នាទី២៨។
ក្រុមទាំងពីរធ្លាប់ប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ២០២០ដែល Bayern Munich បានលើកពាន តាមរយៈជ័យជម្នះ១ទល់នឹង០។
ការប្រកួតជើងទី២ គឺនៅថ្ងៃទី១៤ ខែមេសា នៅប៉ារីស។ Bayern Munich នៅតែគ្មាន Robert Lewandowski ដោយសារបញ្ហារបួស៕