Conte ដាក់លក្ខខណ្ឌមួយបើមេ Man UTD ចង់ហៅធ្វើអ្នកចាត់ការ
លោក Antonio Conte បាននិយាយថា លោកមានលក្ខខណ្ឌមួយ ប្រសិនបើថ្នាក់ដឹកនាំ Manchester United ចង់ឲ្យទៅធ្វើជាអ្នកចាត់ការជំនួសលោក Ole Gunnar Solskjaer។
បើតាមសារព័ត៌មាន MEN លោក Conte ចង់ឲ្យមេៗបិសាចក្រហមគោរពការសម្រេចចិត្តរបស់លោក។ គោរពការសម្រេចចិត្តត្រង់ថា លោកចង់បានកីឡាករណាម្នាក់ដែលលោកចង់បានដោយខ្លួនឯង មិនមែនតាមចិត្តចង់របស់ថ្នាក់ដឹកនាំទេ។
សារព័ត៌មាន Daily Mirror ផ្សាយថា សំណើនេះក៏ដោយសារតែលោកមានមហិច្ឆតាចង់ឈ្នះ UEFA Champions League។
បើតាមអ្នកជំនាញទីផ្សារដោះដូរ លោក Fabrizio Romano លើកឡើងថា ថ្នាក់ដឹកនាំ Man UTD មិនបានបដិសេធរឿងទាក់ទងលោក Conte ទេ។ សម្រាប់អនាគតលោក Solskjaer វិញនឹងត្រូវបានសម្រេចនាប៉ុន្មានថ្ងៃខាងមុខ។
ដោយឡែក លោក Gary Neville អតីតប្រធានក្រុមបិសាចក្រហមទទូចថា លោកមិនគាំទ្របេក្ខភាពលោក Conte ទេ ព្រោះរបៀបដឹកនាំមិនស័ក្ដិសមនឹងក្រុម។
គួរដឹងដែរថា លោក Conte មិនទាន់រកបានទ្រនំថ្មីនៅឡើយ បន្ទាប់ពីចាកចេញពី Inter Milan ជាទីរូបលោកជួយឈ្នះជើងឯកក្របខណ្ឌ Serie A រដូវកាលមុន៕