
Dybala គ្មានឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនប្រកួត Copa America
Paulo Dybala មិនមានឈ្មោះសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនចូលរួមព្រឹត្តិការណ៍ Copa Americaទេ។
គ្រូបង្គោលអាហ្សង់ទីន លោក Lionel Scaloni បានប្រកាសពីបញ្ជី២៨នាក់ចូលរួម Copa America 2021 ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។ ទន្ទឹមនឹងនេះ តំបន់ប្រយុទ្ធរបស់អាហ្សង់ទីននៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។
បន្ថែមពីលើវត្តមានរបស់ Lionel Messi លោក Scaloni ហាក់មានការឈឺក្បាលបន្តិចជុំវិញការជ្រើសរើសខ្សែប្រយុទ្ធ។ Sergio Aguero ត្រូវបានជ្រើសរើស តែបែរជាមិនមាន Dybala ទៅវិញ។
គេគិតថា ទោះបី Aguero ត្រូវបានជ្រើសរើសមែន តែអាចត្រឹមអង្គុយកៅអីបម្រុង ដោយសារ Lautaro Martinez មានភាពលេចធ្លោជាង។ ក្រៅពីនោះក៏នៅមាន Angel Correa (Atletico Madrid), Joaquin Correa (Lazio) និង Lucas Alario (Bayer Leverkusen)។
ក្នុងតំបន់បម្រើវិញ មានកីឡាករល្អយ៉ាងច្រើនដូចជា Lucas Ocampos ពី Sevilla, Emiliano Buendia កីឡាករឆ្នើមប្រចាំក្របខណ្ឌ Championship របស់អង់គ្លេសដែលមិនបានទទួលការកោះហៅ។
ចំណែកតំបន់ការពារ Juan Foyth ត្រូវបានដកឈ្មោះចេញវិញ។ គេជាកម្លាំងសំខាន់ក្នុងការជួយ Villareal ឈ្នះ Europa League និងមានឈ្មោះទៀងទាត់ក្នុងក្រុមអាហ្សង់ទីនពេលជម្រុះ World Cup។ គេត្រូវបានដកឈ្មោះនៅនាទីចុងក្រោយ។
Copa America នឹងធ្វើឡើងពីចន្លោះថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា។ អាហ្សង់ទីនត្រូវជួបបូលីវី, អ៊ុយរុយហ្គាយ, ឈីលី និងប៉ារ៉ាហ្គាយ ក្នុងពូល A។ ការប្រកួតរបស់ក្រុមរហស្សនាមពពកស គឺបើកឆាកជាមួយឈីលី នៅថ្ងៃទី១៥ ខែមិថុនា៕