គ្រូអ៊ីរ៉ង់ ថា មិនមើលស្រាលកម្ពុជាទេ
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ នឹងជួបជាមួយកម្ពុជានាកីឡដ្ឋានជាតិ Bahrain នាក្រុង Riffa សម្រាប់ការប្រកួតជម្រុះ FIFA World Cup 2022 ពូល C នៅថ្ងៃសុក្រ ទី១១ ខែមិថុនា វេលាម៉ោង៩និង៣០នាទីយប់ ម៉ោងកម្ពុជា។
លោក Dragan Skocic គ្រូបង្គោលក្រុមជម្រើសជាតិអ៊ីរ៉ង់ អះអាងថា មិនហ៊ានធានាយ៉ាងណាទេពីការប្រកួតជាមួយកម្ពុជា។ លោកថា ក្រុមរបស់លោកគោរពក្រុមកម្ពុជាជានិច្ច។
គ្រូបង្វឹកជនជាតិក្រូអាតថ្លែងលម្អិត “៖ខ្ញុំមិនអាចធានាថាម៉េចទេក្នុងការប្រកួតជាមួយកម្ពុជា។ យើងគោរពពួកគេ ព្រោះយើងបានឃើញពីការប្រកួតរបស់ពួកគេហើយ ហើយខ្ញុំអាចនិយាយថា ការលេងរបស់ពួកគេពិតជាល្អជាងលទ្ធផល។ យើងនឹងយកចិត្តទុកដាក់លើការប្រកួតនេះ ហើយយើងពិតជាចង់ឈ្នះពួកគេ។”
គួររំឭកថា អ៊ីរ៉ង់បានឈ្នះកម្ពុជា១៤ទល់នឹង០ កាលជើងទីមួយ តាំងពីខែតុលា ឆ្នាំ២០១៩។ លោក Ryo Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បញ្ជាក់ថា ក្រុមរបស់លោកមិនប្ដូររបៀបលេងទេ ទោះប៉ះក្រុមកម្រិតណាក៏ដោយ។
ការវិលចូលវគ្គជម្រុះសាជាថ្មីនេះ ក្រុមជម្រើសជាតិអ៊ីរ៉ង់ ឈ្នះហុងកុង៣ទល់នឹង១ និងឈ្នះបារ៉ែន ១ទល់នឹង៣។ ចំណែកម្ពុជា ចាញ់បារ៉ែន ៨ទល់នឹង០ និងចាញ់អ៊ីរ៉ាក់ ៤ទល់នឹង១៕