អ្នកចាត់ការក្រុម Tottenham លោក Mourinho៖ យើងបានធ្វើឱ្យ Chelsea ក្លាយជាក្រុមធម្មតា
(BC-99)
លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានរីករាយយ៉ាងខ្លាំងចំពោះការទម្លាក់ក្រុមតោខៀវ Chelsea ចេញពីព្រឹត្តិការណ៍ Carabao Cup កាលពីយប់ថ្ងៃអង្គារនេះ។
Werner បានស៊ុតបញ្ចូលទីមួយគ្រាប់អោយក្រុម Chelsea របស់ខ្លួននាំមុខម្ចាស់ផ្ទះ Spurs តាំងពីនាទីទី១៩ទៅហើយ តែបែជាត្រូវថ្លោះធ្លោយអោយមាន់ខ្នាយមាសតាមបានស្មើទៅវិញនៅនាទីទី៨៣ដោយ Eric Lamela។ ហើយទីបំផុតក្រុមទាំងពីរត្រូវបានកាត់ក្តីរកក្រុមដែលឈ្នះឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រដោយបាល់ស៊ុតចម្ងាយ១១ម៉ែត្រ។
ក្នុងអំឡុងពេលប្រកួតគេក៏ឃើញមានការប៉ះទង្គិចគ្នាដោយពាក្យសម្តីរវាងលោក Jose និង Lampard ដែលជាអតីតគ្រូនិងសិស្សដែលបច្ចុប្បន្នគឺជាអ្នកដឹកនាំក្លិបផ្សេងគ្នាផងដែរ។ មានរឿងចម្លែកផ្សេងទៀតដូចជា Dier បានរត់ចេញពីការប្រកួតទៅប្រោសសត្វជាដើម។
ការទាត់បាល់កាត់ក្តីក៏បានចូលមកដល់។ កូនក្រុមរបស់លោក Jose ចំនួន៥នាក់បានបំពេញភារកិច្ចទាត់បញ្ចូលទីមិនអោយថ្លោះធ្លោយឡើយ។ ខុសពី Mason Mount ដែលមិនអាចជួយឲ្យក្រុមតោខៀវ Chelsea របស់ខ្លួនឡើងទៅកាន់ជុំបន្តទៀតបានឡើយដោយសារតែការស៊ុតបាល់កាត់ក្តីមិនបានសម្រេច។
និយាយក្រោយចប់ការប្រកួតទាំងស្រុងលោក Mourinho បានឲ្យដឹងថា “ដូចដែលបានប្រាប់អ៊ីចឹង យើងបានត្រៀមរួចរាល់ក្នុងការប្រយុទ្ធ។ ខ្ញុំបានប្រាប់កីឡាករមុនពេលទាត់បាល់កាត់ក្តីថាពួកយើងលេងអស្ចារ្យណាស់នៅតង់ទី 2 យើងបានធ្វើឱ្យ Chelsea មើលទៅដូចជាក្រុមដែលធម្មតាមួយ។ ក្រុមយើងបានរង់ចាំពេលវេលាធ្វើរឿងដ៏ត្រឹមត្រូវ។ ខ្ញុំត្រូវគិតអំពីការប្រកួតចំនួន ៣ ក្នុងពេលតែមួយប៉ុន្តែកីឡាករគិតតែពីការប្រកួតនេះប៉ុណ្ណោះ ដូចនេះពួកគេពិតជាបានលេងដោយភាពលេចធ្លោជាខ្លាំង” ។
គួរបញ្ជាក់ដែរថា Tottenham Hot Spurs ក្រោមការដឹកនាំដោយលោក Jose Mourinho នឹងត្រូវធ្វើការប្រកួតជាមួយក្រុម Maccabi Haifa ជើងទី២ជម្រុះក្របខណ្ឌ EUROPA League នារាត្រីថ្ងៃសុក្រ រួចបន្តធ្វើដំណើរទៅកាន់ផ្ទះ Manchester United នៅថ្ងៃអាទិត្យសប្តាហ៍នេះ។