Alves និយាយថា Barca មិនគោរពខ្លួនសោះ
ខ្សែការពារជើងចាស់ Dani Alves បាននិយាយថា មានការខកចិត្តចំពោះទង្វើរបស់ Barcelona ចំពោះការចាកចេញរបស់ខ្លួននាដំណាច់រដូវកាលកន្លងទៅ។
“ខ្ញុំសប្បាយចិត្តណាស់ដែលបានត្រលប់មក Barcelona ។ ខ្ញុំបានសុបិនអស់រយៈពេល៥ឆ្នាំដើម្បីភាពរីករាយរាល់នាទីនៃការលេងនៅទីនេះ។ រឿងតែមួយគត់ដែលខ្ញុំមិនចូលចិត្ត គឺទង្វើដែល Barca ធ្វើដាក់ខ្ញុំ ពេលខ្ញុំចេញ។” នេះជាការថ្លែងរបស់ Dani Alves ទៅកាន់កាសែត The Guardian ។
“ចាប់តាំងពីពេលដែលខ្ញុំត្រឡប់មកវិញ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំមិនមែនជាបុរសអាយុ ២០ ឆ្នាំទៀតទេ។ ខ្ញុំចង់ឲ្យអ្វីគ្រប់យ៉ាងសម្រេចឲ្យបានច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ Barcelona តែងតែធ្វើការដោយលួចលាក់ក្នុងប៉ុន្មានចុងក្រោយនេះ។ ពួកគេមិនខ្វល់ពីខ្ញុំ និងមនុស្សដែលបានបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្លិប។” កីឡាករវ័យ៣៩ឆ្នាំបញ្ជាក់។
ថ្មីៗនេះ Alves កំពុងត្រូវបានក្លិបមួយចំនួនក្នុងប្រទេសអេស្ប៉ាញ និងម៉ិកស៊ិកទាក់ទង។
កីឡាករប្រេស៊ីលបានសារភាពថាការលេងនៅ Camp Nou គឺជារឿងដ៏អស្ចារ្យមួយក្នុងអាជីព។ ទោះជាយ៉ាងណាក៏ដោយ Alves ក៏ជឿថា Barca កំពុងបាត់បង់អត្តសញ្ញាណបន្តិចម្តងៗ៕