Rashford បង្កើតកំណត់ត្រាមួយក្នុងជ័យជម្នះ៥-០លើ Leipzig
Marcus Rashford រកបាន៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៥ទល់នឹង០លើ RB Leipzig ការប្រកួតបាល់ទាត់ UEFA Champions League នៅថ្ងៃពុធ ទី២៨ ខែតុលា។
ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិអង់គ្លេសត្រូវបានប្ដូរចូលនៅនាទី៦៣ ហើយត្រឹមតែ១៥នាទីប៉ុណ្ណោះ គេរកបានដល់ទៅពីរគ្រាប់ម្នាក់ឯង។ គ្រាប់ទី៣របស់គេកើតឡើងនៅនាទី៩០+២។
លទ្ធផលនេះមានន័យថា Rashford ក្លាយជាកីឡាករទី៥ហើយដែលត្រូវធ្វើបានហ៊ែតទ្រីក ក្រោយប្ដូរចូល។ គេចំណាយពេលត្រឹម២៧នាទីរកបានដល់ទៅ៣គ្រាប់ បំបែកកំណត់ត្រា Kylian Mbappe ដែលចាយពេល៣៨នាទី។
Rashford ក៏ជាកីឡាករ Man UTD ទីពីរដែលទាត់ចូល៣គ្រាប់ មិនក្នុងនាមជាអ្នកចូលលេងជម្រើសដំបូង។ បុរសទីមួយ គឺលោក Ole Gunnar Solskjaer ដែលធ្វើបានក្នុងការប្រកួតតទល់ Nottingham Forest នៅ Premier League កាលខែកុម្ភៈ ឆ្នាំ១៩៩៩។
ក្នុងចំណោមគ្រាប់បាល់ទាំង៥នេះ មានពីរគ្រាប់ចេញពី Mason Greenwood និង Anthony Martial។ ក្រុមបិសាចក្រហមមាន៦ពិន្ទុ ឈរកំពូលតារាងពូល H ពីលើ PSG ដែលមានត្រឹម៣ពិន្ទុ៕